ហេតុអ្វី បានជាមានបំណុលខ្លះជួយឲ្យយើងចម្រុងចម្រើន ហើយបំណុលខ្លះបែជាបំផ្លាញយើងទៅវិញ? តើបំណុលទាំងនោះគឺជាអ្វី? សូមមកស្វែងយល់ពីបំណុល២ប្រភេទ ៖
បំណុលល្អ (Good Debt) គឺសំដៅលើបំណុលទាំងឡាយណាដែលអាចកែប្រែជីវភាព ឬជួយជ្រោមជ្រែងសេដ្ឋកិច្ចផ្ទាល់ខ្លួន គ្រួសារ និងអនាគតរបស់អ្នកឲ្យកាន់តែមានភាពប្រសើរជាងមុន។
ឧទាហរណ៍ បើសិនជាអ្នកខ្ចីប្រាក់ពីបុគ្គលណាម្នាក់ ឬពីស្ថាប័នណាមួយ មកធ្វើជាដើមទុនរកស៊ី ឬុយកមកវិនិយោគលើវិស័យអចលនទ្រព្យ នោះមានន័យថាវាគឺជាបំណុលល្អហើយ ព្រោះការទិញ និងវិនិយោគទៅលើអចលនទ្រព្យ វានឹងជួយឲ្យអ្នកចំណេញកាន់តែច្រើននៅពេលខាងមុខ។
បំណុលមិនល្អ (Bad Debt) ជាប្រភេទបំណុលទាំងឡាយណា ដែលធ្វើឲ្យអ្នកកាន់តែចំណាយច្រើនជាងមុន ហើយក៏មិនបានផ្ដល់ប្រយោជន៍អ្វីសោះដល់អ្នក ជាពិសេសនៅក្នុងរយៈពេលវែងមួយ។
ឧទាហរណ៍ ប្រសិនបើអ្នកខ្ចីប្រាក់ពីធនាគារ ឬពីស្ថាប័នណាមួយ មកទិញរថយន្តដើម្បីបង្អួតប្រាប់គេថាខ្លួនឯងគ្រាន់បើ ខណៈដែលជីវភាពគ្រួសារមានចំណូលមិនច្បាស់លាស់ផងនោះ នោះវានឹងធ្វើឲ្យអ្នកកាន់តែធ្លាក់ទៅក្នុងសភាពយ៉ាប់យឺនបន្ថែមទៀត។ ម៉្យាងទៀត បន្ទាប់ពីអ្នកទិញរថយន្តមួយនោះហើយ អ្នកប្រាកដជាត្រូវបែងចែកចំណាយមួយផ្នែកទៀត ព្រោះអ្នកត្រូវចំណាយលើថ្លៃចាក់សាំងជាប្រចាំ និងថ្លៃជួសជុលនៅពេលមានបញ្ហា ជាពិសេសអ្នកក៏ត្រូវបង់ការប្រាក់ដល់ធនាគារជារៀងរាល់ខែ ខណៈដែលរថយន្តនោះមិនបានរកចំណូលមកកាន់អ្នកសូម្បីមួយកាក់។
សរុបមកវិញ រវាងបំណុលទាំងពីរខាងលើ យើងអាចធ្វើការបែងចែកបានថា បំណុលល្អ (Good Debt) ជាបំណុលមួយដែលយើងគួរមកជាប់នឹងខ្លួន ព្រោះថា ទោះបីវាជាប្រភេទបំណុលក៏ពិតមែន ប៉ុន្ដែវាបានផ្ដល់អត្ថប្រយោជន៍ និងប្រាក់ចំណេញជាច្រើនមកកាន់យើងវិញនៅក្នុងពេលអនាគត៕