រដ្ឋមន្ដ្រីក្រសួងពាណិជកម្ម ៖ ប្រព័ន្ធអនុគ្រោះពន្ធទូទៅ របស់អាមេរិក បានទាក់ទាញរោងចក្រផលិតសម្ភារៈជាច្រើនមកកម្ពុជា
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងឱ្យដឹងថា ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់អាមេរិក បានទាក់ទាញរោងចក្រផលិតសម្ភារៈជាច្រើន មកប្រទេសកម្ពុជា ព្រមទាំងបង្កើតការងារជាច្រើនដល់ប្រជាជនខ្មែរផងដែរ។
នាឱកាសទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយ លោកស្រី Carol Miller សមាជិកសភាសហរដ្ឋអាមេរិកប្រចាំរដ្ឋ West Virginia នាពេលថ្មីៗនេះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានការកើនឡើងយ៉ាងល្អប្រសើរ ទោះបីស្ថិតក្នុងវិបត្តិកូវីដ-១៩ ក៏ដោយ។
លើសពីនេះ លោកបានលើកឡើងពីអត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិក ដែលបានទាក់ទាញរោងចក្រផលិតសម្ភារៈធ្វើដំណើរជាច្រើនមកកម្ពុជា និងបានបង្កើតការងារជាច្រើនដល់ប្រជាជនកម្ពុជា។
លោករដ្ឋមន្ដ្រី ស្នើឱ្យសមាជិកសភាសហរដ្ឋអាមេរិកជួយគាំទ្រ និងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាម៉េរិកដល់កម្ពុជាបន្តទៀត ព្រមទាំងបានបញ្ជាក់ពីតម្រូវការចាំបាច់របស់កម្ពុជា នាពេលបច្ចុប្បន្ន ក្នុងការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា ស្របតាមបរិបទថ្មីនៃសង្គមឌីជីថល រួមមាន ៖ បច្ចេកវិទ្យាថ្មីៗ អ្នកបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្ស ជាដើម។
ជាការឆ្លើយតប លោកស្រី និងសមាជិកសភាសហរដ្ឋអាមេរិក បានសម្តែងចំណាប់អារម្មណ៍ចំពោះបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗមួយចំនួន និងស្វែងយល់ពីសក្តានុពលរបស់កម្ពុជា និងកិច្ចការនានា ដែលសហរដ្ឋអាម៉េរិកអាចជួយជ្រោមជ្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា៕EB