ភ្នំពេញ ៖ កម្ពុជា គ្មានតំបន់ដែលងាយរងគ្រោះ ដោយសារអំពើជួញដូរមនុស្សឡើយ ហើយរាជរដ្ឋាភិបាល មិនដែលប្រងើយកន្ដើយលើការងារនេះទេ ពោលតាំងពីដើមរហូតមកដល់ពេលនេះ កម្ពុជាបន្ដខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាបន្ដបន្ទាប់ និងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ក្នុងការបង្ការ ទប់ស្កាត់ និងឈានដល់ការបង្ក្រាប។

នេះជាការប្រកាសរបស់ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីការចាត់តាំងអនុវត្តផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងជាប្រធានគណៈបញ្ជាការដឹកនាំប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ។ ការប្រកាសនេះ ក៏ជាការឆ្លើយតបនឹងសារព័ត៌មានបរទេសមួយចំនួន ដែលបានបំភ្លៃពីកម្ពុជាផងដែរ។

កិច្ចប្រជុំនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ ធ្វើឡើងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងថ្នាក់ដឹកនាំ មន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត ដែលជាសមាជិកគណៈបញ្ជាការដឹកនាំប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងយ៉ាងដូច្នេះថា «កម្ពុជាគ្មានតំបន់ណាដែលងាយរងគ្រោះ ដោយអំពើជួញដូរមនុស្សនោះទេ ប៉ុន្ដែមុខសញ្ញាដែលងាយរងគ្រោះមាន។ ដោយសារប្រជាពលរដ្ឋមូលដ្ឋានខ្វះការអប់រំ ខ្វះការជួយផ្សព្វផ្សាយ និងមិនសូវយល់ដឹងអំពីល្បិចកលជនល្មើស ដែលលួងលោមជួញដូរកុមារ ស្ដ្រីនេះ គឺជាមុខសញ្ញាដែលងាយរងគ្រោះ ប៉ុន្ដែបើឲ្យវាយតម្លៃថា កន្លែងណាដែលងាយជួញដូរ គឺអត់មាន»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ