ភ្នំពេញ ៖ លោក បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទោះបីស្ថិតក្នុងស្ថានភាពជំងឺកូវីដ-១៩ក្តី ទំហំពាណិជ្ជកម្មរវាង កម្ពុជា-អាមេរិក មានចំនួន ៦.២ប៊ីលានដុល្លារ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២២ កើនឡើងក្នុងអត្រាកំណើន ៦១.៥៤%។ យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។

ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) ដឹកនាំដោយលោកស្រី Wallis Yu នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្រោមកិច្ចសម្របសម្រួលដោយស្ថានទូតអាម៉េរិក ប្រចាំនៅកម្ពុជា នាថ្ងៃទី១០ សីហា លោក បួន សារៈមុនី បានថ្លែងបញ្ជាក់ថា «ទោះបីស្ថិតក្នុងស្ថានភាពរីករាលដាល នៃជំងឺកូវីដ-១៩ក្តី ទំហំពាណិជ្ជកម្មកម្ពុជា-សហរដ្ឋអាមេរិក មានចំនួន ៦.២ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេល៦ ខែដើមឆ្នាំ២០២២ ដែលជាការកើនឡើងក្នុងអត្រាកំណើន ៦១.៥៤% ធៀបនឹង ៦ខែ ដើមឆ្នាំ២០២១»។

លោក បន្តថា កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីធ្វើយ៉ាងណាឱ្យបរិយាកាសពាណិជ្ជកម្ម-វិនិយោគនៅកម្ពុជាកាន់តែមានភាពទាក់ទាញ និងអំណោយផលដល់វិនិយោគិនអន្តរជាតិមកពីបណ្តាប្រទេសនានា លើពិភពលោក។

បន្ថែមពីនេះ លោករដ្ឋលេខាធិការ ក៏បានលើកឡើងអំពីវឌ្ឍនៈភាពជាវិជ្ជមានក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា ដែលកំពុងមានសន្ទុះខ្លាំងក្លា រួមមានបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងបច្ចេកវិទ្យានៃការទូទាត់ឆ្លងប្រទេសដោយប្រើ QR Code ជាដើម ដែលទាំងអស់នេះ បានជួយរួមចំណែកបង្កបរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។

នាឱកាសនោះ លោកស្រី Wallis Yu បានស្នើសុំឲ្យក្រសួងពាណិជ្ជកម្មកម្ពុជា បន្តសហការផ្តល់បច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធក្នុងវិស័យពាណិជ្ជកម្ម-វិនិយោគ ដល់តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) សំដៅលើកកម្ពស់បរិយាកាសវិនិយោគ និងទាក់ទាញក្រុមហ៊ុនវិនិយោគធំៗរបស់សហរដ្ឋអាម៉េរិក ឱ្យមកវិនិយោគរយៈពេលវែងនៅកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា មានដូចជា ក្រុមហ៊ុន Amazon និង ក្រុមហ៊ុន Meta (Facebook) ជាដើម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ