លោកវ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡំាពិកកម្ពុជា បានសម្តែងការសោកស្តាយចំពោះខួបលើកទី២៥ឆ្នាំ នៃទិវារត់ប្រណាំងទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៥ ដែលគ្រោងធ្វើនាថ្ងៃទី៦ ខែធ្នូ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ឆ្នាំ២០២០ មិនបានរៀបចំឲ្យធំដូចរាល់ឆ្នាំ និងមិនបានរៀបចំឲ្យពិសេសនៃខួប២៥ឆ្នាំនេះ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ១៩ ដែលរីករាលដាលជាសាកល។ នេះជាការលើកឡើងរបស់ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៥ ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។ 

លោក  វ៉ាត់ ចំរើន បន្តថា ដោយសារជំងឺកូវីដ-១៩បានធ្វើឲ្យប៉ះពាល់លើព្រឹត្តិការណ៍កីឡាធំៗជាអន្តរជាតិដែលត្រូវលុបចោល និងពន្យាពេល ហើយព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិធំៗចំនួនពីររបស់កម្ពុជា ក៏ត្រូវបានលុបចោលដែរ ដោយត្រូវលើកពេលទៅឆ្នាំ២០២១នោះ គឺការរត់ប្រណាំងអន្តរជាតិភ្នំពេញ និងរត់ប្រណាំងអន្តរជាតិចក្រភពខ្មែរ (Full Marathon)។ ដោយឡែកសម្រាប់ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរនេះ អាចធ្វើទៅបាននាដើមខែធ្នូ ឆ្នាំ២០២០ ដោយមានតែកីឡាករ កីឡាការិនីខ្មែរ និងកីឡាករ កីឡាការិនីបរទេសដែលរស់នៅក្នុងស្រុកខ្មែរប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យចូលរួម ដើម្បីអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតតាមការណែនាំរបស់ក្រសួង សុខាភិបាល។

លោកបានបង្ហាញនូវការខិតខំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានរៀបចំ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរនេះឡើងតាំងពីលើកទី១ កាលពីឆ្នាំ១៩៩៦ ដោយពេលនោះ មានអ្នកចូលរួមរត់តែ៣០០ ទៅ៤០០នាក់ ប៉ុណ្ណោះ។ ដោយគោលបំណងចម្បងនៃទិវាមួយនេះ ធ្វើឡើងក្នុងគោលដៅស្វែងរកមូលនិធីជួយឧបត្ថម្ភគាំទ្រដល់សង្គម និងសប្បុរសធម៌។ 

ដោយសារតែគោលដៅសប្បុរសធម៌ មិនស្វែងរកប្រាក់ចំណេញនោះហើយ ទើបទិវារត់ប្រណាំងអន្តរជាតិមួយនេះ ទទួលបានការគាំទ្រជាបន្តបន្ទាប់ ដោយមានចំនួនកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ រហូតលើកទី២៤ កាលពីឆ្នាំ២០១៩ ទិវាមួយនេះ ទាក់ទាញបានអ្នកចូលរួមរត់ជាង១ម៉ឺននាក់ ដែលឯកឧត្តមចាត់ទុកថាជាឆ្នាំជោគជ័យធំធេង និងប្រមូលបានថវិកាច្រើន សម្រាប់ការបរិច្ចាគទៅកាន់កិច្ចការសង្គម មនុស្សធម៌ជាដើម៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ