ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចចុះល្បាតតាមដងផ្លូវព្រះសីហនុ កែងផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូចំនួន២គ្រឿង មានគ្នាចំនួន៤នាក់ ធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះកំពុងដើរតាមផ្លូវតែមិនបានសម្រេច ពេលនោះកម្លាំងជំនាញធ្វើការប្រដេញរហូតមកដល់ចំណុចមុខ សណ្ឋាគារកាំបូឌីយ៉ាណា លើផ្លូវព្រះសីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់។

ឈ្មោះ ម៉ា ម៉ៅហ៊ាត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ ចំណែកជនសង្ស័យ០១នាក់ទៀត បានរត់គេចខ្លួន។បន្ទាប់មកកម្លាំងជំនាញ ក៏បន្តប្រ ដេញ តាមឃាត់បានជនសង្ស័យចំនួន០២នាក់ទៀត មានឈ្មោះ ជូ ដេវីណ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ និងឈ្មោះ លួស លីហួរ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ នៅត្រង់ម្តុំចំណុចវត្ត ឧណា្ណលោម ផ្លូវព្រះស៉ីសុវត្ថិ សង្កាត់ជ័យជំនះខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សម្ភារដកហូត ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1AJ-6973 និងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IL-1662  ។ បច្ចុប្បន្ន ការិយាល័យបាននាំជនសង្ស័យខាងលើមក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ