ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសច្រានចោលនូវព័ត៌មានមិនពិតទាក់ទងនឹងករណីឆ្លងវិរុសផ្តាសាយបក្សី H5N1 នៅកម្ពុជា
ភ្នំពេញ ៖ ទាំងយប់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ អ្នកសារព័ត៌មាន ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ឱ្យបានជ្រាបថា ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុង នូវការចេញ ផ្សាយព័ត៌មានមិនត្រឹមត្រូវ និងមិនពិត បែបប្រឌិត ស្ដីពីករណីជំងឺផ្តាសាយបក្សី H5N1 ដែលបានរកឃើញនៅ ខេត្តព្រៃវែងនាពេលកន្លងទៅនេះ ថាជាករណីឆ្លងពីមនុស្សទៅមនុស្ស។
ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ក្រសួងបានរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 ចំនួន ២ ករណីតែប៉ុណ្ណោះ នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរ កណ្តាល ខេត្តព្រៃវែង ដែលក្នុងនេះ មានកុមារីអាយុ ១១ឆ្នាំ ៦ខែម្នាក់បានស្លាប់ និងឪពុករបស់កុមារីរូបនេះ បានជា សះស្បើយ និងបានចេញពីមន្ទីរពេទ្យបង្អែកស្រុករួចទៅហើយ។
ករណ៏វិជ្ជមានវីរុសផ្តាសាយបក្សី H5N1ទាំង ២នាក់ នេះ ត្រូវបានសន្និដ្ឋានថា ជា “ការចម្លងវីរុសផ្ដាសាយបក្សី H5N1 ពីសត្វបក្សីមកមនុស្ស ដែលមិនមែនជាការចម្លងពី មនុស្សទៅមនុស្ស” នោះទេ។ ក្រសួងសុខាភិបាលកម្ពុជា សូមច្រានចោលទាំងស្រុង នូវរាល់ព័ត៌មានមិនត្រឹមត្រូវ ឬ ព័ត៌មានមិនពិត ដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ស្តីអំពីករណី ជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅកម្ពុជានេះ។
គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ វត្ថុសំណាកសរុបចំនួន ៥១សំណាក (យកពីបុគ្គលដែលមានទំនាក់ ទំនងជិតស្និទ្ធចំនួន ២០នាក់ និងបុគ្គលដែលមានរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយចំនួន ៣១នាក់) ត្រូវបានប្រមូល យកដើម្បីធ្វើការវិភាគ ហើយលទ្ធផលបានបង្ហាញថាអវិជ្ជមានវីរុស H5N1 ទាំងអស់។ ក្រុមអង្កេតស្រាវជ្រាវរបស់ ក្រសួងសុខាភិបាល នៅតែបន្តមានវត្តមាននៅខេត្តព្រៃវែងនៅឡើយ ដើម្បីអង្កេតស្រាវជ្រាវរកករណីជំងឺផ្តាសាយ បក្សី H5N1 ជាបន្តទៀត ហើយនឹងបន្តប្រមូលវត្ថុសំណាកសម្រាប់ធ្វើវិភាគ ពីបុគ្គលដែលមានរោគសញ្ញាសង្ស័យ និងបុគ្គលមានរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយផងដែរ៕