រកឃើញ អ្នកកើតជំងឺផ្តាសាយបក្សី នៅកម្ពុជា ១ករណី លើស្ត្រីវ័យ ២១ឆ្នាំ
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានរកឃើញ ករណីស្ត្រីវ័យ២១ឆ្នាំម្នាក់ កើតជំងឺផ្តាសាយបក្សី ប្រភេទ (H5N1) បន្ទាប់ពីមានមាន់ងាប់ច្រើន ជាបន្តបន្ទាប់នៅផ្ទះ និងក្នុងភូមិ របស់ស្ត្រីរងគ្រោះ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីលើស្ត្រីអាយុ២១ឆាំ្ន របស់ក្រសួងសុខាភិបាលកម្ពុជា នាថ្ងៃទី២៤វិច្ឆិកានេះ បានឲ្យដឹងថា "មានអ្នក ជំងឺផ្តាសាយបក្សី ចំនួន ០១ករណីទៀត កើតលើស្រ្តីអាយុ២១ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយ បក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានទីលំនៅក្នុងភូមិត្រពាំងឬស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត"។
ករណីខាងលើនេះ ត្រូវបានបញ្ជាក់មូលហេតុ តាមរយៈការសាកសួរ បង្ហាញថា ប្រហែលមួយសប្តាហ៍មុន មានមាន់ងាប់ច្រើនជាបន្តបន្ទាប់ នៅផ្ទះនិងក្នុងភូមិ កើតហេតុ។ អ្នកជំងឺបានចាប់ផ្ដើមឈឺនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់មកមាន រោគសញ្ញាផ្លូវដង្ហើម រួមមានគ្រុនក្តៅ ពិបាកដកដង្ហើម និងក្អក ទើបបញ្ជូនមក សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
បច្ចុប្បន្នអ្នកជំងឺកំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់ ដោយមានការថែទាំ យ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យ។
ជាមួយគ្នានេះ ក្រុមឆ្លើយតបបន្ទាន់ របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រសួងបរិស្ថាន អង្កេតស្រាវជ្រាវ ការកើតឡើងនូវជំងឺផ្តាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយតបទៅតាមវិធី សាស្ត្រ និងពិធីសារបច្ចេកទេស ក្នុងការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណី សង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្ត ទៅអ្នកដទៃទៀត ក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថ តាអ៊ីហ្គូ(Tamiflu)ដល់អ្នកប៉ះពាល់ ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព ប្រជាពលរដ្ឋ នៅក្នុងភូមិដែល កើតហេតុខាងលើ។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងសុខាភិបាល បានក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យយក ចិត្តទុកដាក់ប្រុងប្រយ័ត្ន លើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែង ដល់សុខភាព ប្រជាពលរដ្ឋ ។
ក្នុងករណី មានអាការៈក្ដៅខ្លួន ក្អក ឬ ពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព សូមកុំទៅជួបជុំ ឬទីប្រជុំជន ដែលមានមនុស្សមច្រើន និងត្រូវស្វែងរក ការពិគ្រោះយោបល់ និងការពិនិត្យព្យាបាល នៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុត ឱ្យបានទាន់ពេលវេលា៕EB