ថៃ៖តុលាការធម្មនុញ្ញរបស់ប្រទេសថៃបានសម្រេចថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា មិនទាន់ដល់ពេលកំណត់នៃអាណត្តិរយៈពេល ៨ ឆ្នាំក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីនោះទេ។ ដូច្នេះលោកអាចវិលត្រឡប់ទៅកាន់តំណែងវិញ បន្ទាប់ពីត្រូវបានព្យួររយៈពេល ៥ សប្តាហ៍។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBangkok Postនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

តុលាការធម្មនុញ្ញបានបញ្ជាក់ថា អាណត្តិរបស់លោក ប្រាយុទ្ធ បានចាប់ផ្តើមនៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០១៧ នៅពេលដែលធម្មនុញ្ញបច្ចុប្បន្នចូលជាធរមាន។ ដូច្នេះ លោកនៅតែបន្តកាន់តំណែងជានាយ ករដ្ឋមន្ត្រីដដែល។ តុលាការចាប់ផ្តើមអានសេចក្តីសម្រេចនៅម៉ោង ៣ រសៀល និងបានចំ ណាយ ពេលប្រហែល ៣០ នាទី។ 

តុលាការបានលើកឡើងថា៖«ការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ឧត្តមសេនីយ៍ ប្រាយុទ្ធ បានចាប់ផ្តើមនៅក្រោមរដ្ឋធម្មនុញ្ញឆ្នាំ ២០១៧ នៅថ្ងៃទី ៦ ខែមេសា  ដែលជាកាលបរិច្ឆេទដែលធម្មនុញ្ញនេះត្រូវបានប្រកាសឱ្យប្រើ ហើយការដឹកនាំពីមុនរបស់លោកមិនបានអនុវត្តនៅក្រោមរដ្ឋធម្មនុញ្ញនេះទេ។ អាណត្តិកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ គឺចាប់ពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០១៧ ដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ ហើយតុលាការសម្រេចដោយសំឡេងភាគច្រើនថា តំណែងនាយករដ្ឋមន្ត្រីរបស់លោកមិនបានបញ្ចប់ស្របតាមរដ្ឋធម្មនុញ្ញឆ្នាំ ២០១៧ នោះឡើយ។»

យោងតាមសេចក្តីសម្រេច ការកំណត់រយៈពេលប្រាំបីឆ្នាំលើការកាន់តំណែងរបស់ឧត្តមសេនីយ៍ ប្រាយុទ្ធ នឹងផុតកំណត់នៅឆ្នាំ ២០២៥។ សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញគឺឆ្លើយតបទៅនឹងញត្តិរបស់គណបក្សប្រឆាំងដែលស្វែងរកការបំភ្លឺតាមរយៈប្រធានសភាលោក Chuan Leekpai នៅថ្ងៃទី ១៧ ខែសីហា។

គួរបញ្ជាក់ថា នៅថ្ងៃពុធទី ២៤ ខែសីហា តុលាការធម្មនុញ្ញបានព្យួរនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ពីតំណែងជាបណ្តោះអាសន្ន តុលាការធម្មនុញ្ញបានបោះឆ្នោតក្នុងសម្លេងគាំទ្រចំនួន ៥ ខណៈ សម្លេង ប្រឆាំងមាន ៤ ក្នុងការព្យួរតួនាទីនាយករដ្ឋមន្ត្រីចាប់ពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ រហូតដល់ តុលា ការចេញសាលក្រម។ ឧបនាយករដ្ឋមន្ត្រី ប្រាវីដ វ៉ុងស៊ូវ៉ាន់ ដែលជាអតីតមេទ័ព និងជាអ្នកនយោបាយជើងចាស់ ក្លាយជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ