អាជ្ញាធរក្រុងបាងកក កាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ បានចេញបម្រាមថ្មីមួយ ដោយហាមមិនឲ្យលក់ និងផឹកគ្រឿងស្រវឹងរយៈពេល ១០ថ្ងៃ ក្នុងគោលបំណងបង្ការការជួបជុំគ្នា ដែលបង្កើនហានិភ័យឆ្លងរាតត្បាតវីរុសកូវីដ ១៩។ បម្រាមនេះ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី ១០-២០ មេសា ដែលត្រូវចាត់ទុកជាចំណាត់ការថ្មីមួយទៀតសម្រាប់រដ្ឋធានីសំខាន់របស់ថៃមួយនេះ។ ការប្រកាសហាមលក់គ្រឿងស្រវឹង ធ្វើឡើងសម្រាប់ពលរដ្ឋប្រមាណ ១៦លាននាក់ ក្នុងបាងកក ដោយខេត្តមួយចំនួន ក្នុងចំណោមខេត្តទាំង ៧៧ របស់ប្រទេសនេះ បានដាក់បម្រាមនេះមុនទីក្រុងបាងកកទៅទៀត ខណៈទូទាំងប្រទេសថៃ នៅពេលនេះបានដាក់ក្នុងភាពអាសន្ន និងបិទប្រទេសរហូតដល់បំណាច់ខែមេសា។

លោក Pongsakorn Kwanmuang អ្នកនាំពាក្យរដ្ឋបាលក្រុងបាងកក បានស្នើកាលពីថ្ងៃព្រហស្បត្តិ៍ ឲ្យពលរដ្ឋទាំងអស់សហការទាំងអស់គ្នា។ លោកថា ទាំងអស់គ្នាត្រូវតែចូលរួមគ្រប់គ្រងការរាតត្បាតវីរុសកូវីដ ១៩។ ការសម្រេចចិត្តបន្ថែមវិធានការលើការគម្លាតសង្គមពីសំណាក់រដ្ឋាភិបាលថៃ តាមរយៈការផ្អាកលក់គ្រឿងស្រវឹងនេះ គឺដោយសារពលរដ្ឋថៃ ប្រមាណ ៦៩លាននាក់ មានទម្លាប់ផឹកគ្រឿងស្រវឹងជាប្រចាំ។

កាលពីថ្ងៃព្រហស្បត្តិ៍ រដ្ឋាភិបាលថៃ បានប្រកាសតួលេខឆ្លងកូវីដ ១៩ ថ្មី ចំនួន ៥៤ករណីបន្ថែមទៀត និងត្រូវចាត់ទុកជាតួលេខឆ្លងទាបបំផុតរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈតួលេខឆ្លងសរុបទូទាំងប្រទេសថៃមាន ២ ៤២៣ករណី ក្នុងនោះជាងពាក់កណ្តាលឆ្លងក្នុងទីក្រុងបាងកកតែម្តង។ ជាមួយគ្នានេះ រដ្ឋាភិបាល ក៏បានផ្អាកការប្រារព្ធពិធីសង្ក្រានឆ្នាំថ្មី ដែលគ្រោងប្រារព្ធធ្វើនាថ្ងៃ ១៣-១៥ មេសានេះ៕SS

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ