ភ្នំពេញ  ៖ រយៈពេល៧ខែ ឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ខែកក្កដា កម្ពុជាទទួលបានចំណូលជាង ២៥៧លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ។ 

របាយការណ៍ បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែកក្កដា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន២៥៧,៤៤៩,៥៩៤ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ២៥៤,៨៣៨,៤៧៦ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន២,៦១១,១១៨ដុល្លារ។

ចំពោះបរិមាណ នៃការនាំចេញគិតត្រឹមខែកក្កដា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន១៦១,៥៦២តោន ថយចុះចំនួន៥៥៨តោន ស្មើនឹង០.៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ១៧,៥២៩ម៉ែត្រគូប។

សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែកក្កដា ឆ្នាំ២០២២ ថ្លៃ១,៥៧៧ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន៩៥ដុល្លារ ក្នុងមួយតោន ស្មើនឹង៦% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

គិតត្រឹមខែកក្កដា ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង២៣%។

គូសបញ្ជាក់ផងដែរថា នៅឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន៣៦៦,៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន៤៥៤ម៉ែត្រគូប៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ