ឈប់សម្រាកភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ មានគ្រោះថ្នាក់ចរាចរណ៍ ៣៤លើក បណ្ដាលឱ្យស្លាប់ ២៧នាក់ និងរបួស ៥៧នាក់
ភ្នំពេញ៖ រយៈពេល ៣ថ្ងៃ ក្នុងថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី២៤-២៥-២៦ ខែកញ្ញា ឆ្នាំ២០២២ នៅទូទាំងប្រទេស គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ៣៤លើក បានបណ្តាលឱ្យស្លាប់ ២៧នាក់ និងរបួស ៥៧នាក់ ( របួសធ្ងន់ ៣៤នាក់ និងស្រាល ២៣នាក់)។
យោងតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ កើតឡើងចំនួន ៨លើក ស្លាប់ ៨នាក់ និងរបួស ១៤នាក់។ ថ្ងៃទី២៥ ខែកញ្ញា គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ១៣លើក ស្លាប់ ១១នាក់ និងរបួស ១៩នាក់។ នៅថ្ងៃទី២៦ ខែកញ្ញា គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ១៣លើក ស្លាប់ ៨នាក់ និងរបួស ២៤នាក់។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា គ្រោះថ្នាក់ ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួស ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃនេះ បានកើតឡើងច្រើនជាងគេ ដោយសារការបើកបរលឿនលើសល្បឿនកំណត់ បើកបរមិនប្រចាំស្តាំ វ៉ាជែងគ្រោះថ្នាក់ និងបើកបរក្នុងស្ថានភាពស្រវឹង ជាដើម។
សូមរម្លឹកថា កាលពីបុណ្យភ្ជុំបិណ ៣ថ្ងៃ កាលពីឆ្នាំមុន ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ៣៥លើក បណ្តាលឱ្យស្លា.ប់ ១៤នាក់ និងរបួស ៦៤នាក់៕EB