មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ ២នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីបង្ក្រាបករណីជល់មាន់តាមអនឡាញ បណ្ដាលឱ្យបុរសម្នាក់ស្លាប់
ភ្នំពេញ ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសម្រេចឃាត់ខ្លួន ក្រោយស៊ើបអង្កេតលើករណីបង្រ្កាប ល្បែងស៊ីសងជល់មាន់តាមអនឡាញ បណ្ដាលឱ្យមានបុរសម្នាក់ស្លាប់។
សេចក្តីប្រកាសរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ឱ្យដឹងថា មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ ០២រូបនោះ រួមមាន៖ ១៖ ឈ្មោះ សុខ ម៉េងហុង ឋានៈអនុសេនីយ៍ឯក មុខងារនាយការិយាល័យព្រហ្មទណ្ឌ។ ២៖ ឈោ្មះ លុយ តាំងឈួយ ឋានៈអនុសេនីយ៍ឯក មុខងារប្រធានអង្គភាពនគរបាលយុត្តិធម៌។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែសីហា កងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយ លោកអនុសេនីយ៍ឯក សុខ ម៉េងហុង មុខងារជានាយការិយាល័យព្រហ្មទណ្ឌ, លោកអនុសេនីយ៍ឯក លុយ តាំងឈួយ មុខងារជាប្រធានអង្គភាពយុត្តិធម៌ និងមានការសម្របសម្រួលពី លោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានចុះប្រតិបត្តិការបង្ក្រាបករណីជល់មាន់តាមអនឡាញ ដោយឃាត់ខ្លួនមនុស្សចំនួន៤នាក់ និងចាប់យកវត្ថុតាងម៉ូតូចំនួន៦គ្រឿង ទូរទស្សន៍១ គ្រឿង CPU ចំនួន១គ្រឿង បញ្ជូនទៅកាន់បញ្ហាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ប៉ុន្តែក្នុងពេលកំពុងធ្វើដំណើរតាមរថយន្តម៉ាក Toyota Sienna មានជនសង្ស័យម្នាក់ឈ្មោះ សួង ខ័ន បានទទួលមរណភាព បន្ទាប់ពីមានការសង្កត់កអំឡុងពេលបង្ក្រាប៕