ភ្នំពេញ ៖  លោក ហេង សុគង់ រដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ បានថ្លែងថា ផលិតភាពក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា បានបង្ហាញកំណើនដ៏ល្អប្រសើរ ដោយក្នុងរយៈពេល ៦ខែឆ្នាំនេះ តម្លៃផលិតកម្មក្នុងវិស័យនេះ បានកើនឡើងដល់ជាង ៧ពាន់លានដុល្លារ ដែលក្នុងឆ្នាំ២០២២នេះរំពឹងថា ផលិតភាពក្នុងវិស័យឧស្សាហកម្ម អាចនឹងចូលរួមចំណែកជិត ៤០% នៃផលិតផលក្នុងស្រុកសរុប (GDP)។

លោក ហេង សុគង់ បានថ្លែងបែបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលរៀបចំ ដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ។

ក្នុងរយៈពេល៦ខែ ឆ្នាំ២០២២នេះ ផលិតផលក្នុងវិស័យឧស្សាហកម្ម ដែលបានផលិតសម្រាប់ផ្គត់ផ្គង់ទាំងក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានតម្លៃ ៧ ៥៧៧លានដុល្លារអាមេរិក កើនឡើង៣ ២៥៤ លានដុល្លារ ឬស្មើនឹង៧៥.២៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ ក្នុងនោះ ផលិតផលបម្រើទីផ្សារក្នុងស្រុកមានចំនួនជាង ២ ៣១៥ លានដុល្លារអាមេរិក និង ផលិតផលនាំចេញមានចំនួនជាង ៥ ២៦២លានដុល្លារអាមេរិក។

លោក ក៏បានអះអាងថា ការកើនឡើងនេះ ស្របពេលដែល ការផលិតក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា បានបញ្ចូលនូវបច្ចេកវិទ្យា នៅក្នុងរោងចក្រកាត់ដេរ សម្លៀកបំពាក់ កាបូប ផលិតផលធ្វើដំណើរ ស្បែកជើង ដែលធ្វើឱ្យផលិតភាពកាន់តែខ្ពស់ជាងមុន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ