បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រាន់តែក្នុងរយៈ ពេល១ ខែប៉ុណ្ណោះគឺចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានផ្តល់ ជូនគោលរបបប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា នូវថវិកាចំនួន២ ៨២៦ ៨០០ ០០០  រៀល តាមរយៈ ប.ស.ស. បានបើកផ្តល់ជូនស្រ្តីសម្រាលកូនចំនួន ៧ ០១៤នាក់ មានចំនួនកូនសរុប ៧ ០៦៧នាក់ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យតាវកាលិក នៃបេឡាជាតិសន្តិសុខសង្គម  ។

ទាំងនេះគឺជាការយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុតពីប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត។

គួររំលឹកផងដែរថា៖ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សមាជិក ប.ស.ស. ជាស្រ្តីទាំងក្នុង និងក្រៅប្រព័ន្ធពេលសម្រាលត្រូវអនុវត្តតាមសេចក្តីណែនាំដូចខាងក្រោម៖

ទី១. កម្មករនិយោជិតជាស្រ្តី ត្រូវអញ្ជើញមកបំពេញបែបបទនៅទីស្នាក់ការ ប.ស.ស. ក្នុងរាជធានី ខេត្ត ក្នុងអំឡុងពេលយ៉ាងយូរ ៣ខែ មុនសម្រាលកូន។

ទី២. សាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវលិខិតពិនិត្យផ្ទៃពោះដែលបានបញ្ជាក់កាលបរិច្ឆេទត្រូវសម្រាល (អេកូ) ប័ណ្ណសមាជិក ប.ស.ស. ឬប័ណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទច្បាស់លាស់របស់សាមីខ្លួន ដែលអាចទំនាក់ទំនងបាន។

ទី៣. ករណីសាមីខ្លួនមិនបានមកបំពេញបែបបទនៅ ប.ស.ស. ក្នុងអំឡុងពេលខាងលើ សាមីជន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់មកកាន់ ប.ស.ស. យ៉ាងយូរបំផុត ១(មួយ)ខែ ក្រោយថ្ងៃសម្រាលកូន។

ទី៤. សាមីខ្លួន ឬសាច់ញាតិត្រូវជូនដំណឹងមក ប.ស.ស. តាមលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាកក្នុងមូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ ប.ស.ស. ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ