រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ទទូចឱ្យបណ្ដាញផ្សព្វផ្សាយព័ត៌មានក្នុងប្រទេសថៃ គោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ត្រូវផ្សព្វផ្សាយតែព័ត៌មានពិតអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ មិនត្រូវបំប៉ោងព័ត៌មានខុសពីការពិត
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក នេត្រ ភក្ត្រា ទទូចឱ្យបណ្ដាញផ្សព្វផ្សាយព័ត៌មាននៅក្នុងប្រទេសថៃ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងត្រូវផ្សព្វផ្សាយតែព័ត៌មានពិតអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ មិនត្រូវបំប៉ោងព័ត៌មានខុសពីការពិត និងមិនត្រូវប្រើប្រាស់យុទ្ធសាស្ត្រទុច្ចរិតផ្សាយព័ត៌មានដោយបញ្ចេញបញ្ជូលនូវនិន្នាការនយោបាយ ជាពិសេសថៃមិនត្រូវផ្សាយព័ត៌មានក្លែងក្លាយដើម្បីតែបំពេញចិត្តប្រជាពលរដ្ឋថៃឡើយ។
រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ថា លោក មិនបង្រៀនអ្នកសារព័ត៌មានថៃអំពីក្រមសីលធម៌អ្នកសារព័ត៌មានទេ ប៉ុន្តែអ្នកសារព័ត៌មានថៃកន្លងមកបានធ្វើយុទ្ធសាស្ត្រដ៏អាក្រក់ ប្រាសចាកក្រមសីលធម៌ផ្សាយព័ត៌មានបំភ្លៃ ព័ត៌មានក្លែងបន្លំ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ទទូចទៅកាន់បណ្ដាញផ្សព្វផ្សាយព័ត៌មានថៃដូច្នេះ បន្ទាប់ពីសង្កេតឃើញថាថៃ ផ្សាយព័ត៌មានមិនពិតច្រើន ជាពិសេសកាសែត Khaosod បានផ្សាយខុសពីការពិតចំពោះបញ្ហា កម្ពុជា-ថៃ ឯកភាពគ្នាសម្រួលកងទ័ពចេញពីទីតាំងប្រឈមផ្ទុះសង្គ្រាម តែផ្សាយថា កម្ពុជា Khaosod ដកទ័ពចេញពីទីតាំងជម្លោះ។
ពីទឹកដីខេត្តសៀមរាប នារសៀលថ្ងៃទី២១ ខែកក្កដា រដ្ឋមន្ត្រីព័ត៌មានកម្ពុជា នេត្រា ភក្ត្រា ទទូចទៅកាន់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ថៃដូច្នេះ៖« អ្វីដែលខ្ញុំស្នើរសុំទៅភាគីថៃ ជាពិសេសគឺប្រព័ន្ធផ្សព្វផ្សាយថៃ គឺសុំឱ្យប្រកាន់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ ការផ្សព្វផ្សាយត្រូវប្រកាន់នូវសច្ចភាពនៃព័ត៌មាន ភាពត្រឹមត្រូវនៃព័ត៌មាន សូមកុំឱ្យបញ្ជូលនូវនិន្នាការនយោបាយនៅក្នុងព័ត៌មានរបស់ខ្លួន។ ខ្ញុំមិនមែនបង្រៀនអ្នកសារព័ត៌មានថៃទេ ក៏ប៉ុន្តែអ្វីដែលយើងបានសង្កេតឃើញ គឺការបំភ្លៃ បំផ្លើស ជាពិសេសគឺការប្រើប្រាស់នូវ Dirty strategy (យុទ្ធសាស្ត្រកខ្វក់)របស់ថៃ នៅក្នុងការ manipulate (បង្កើត)ព័ត៌មាន បំប៉ោង បំភ្លៃព័ត៌មានតាមរយៈការបង្កើតនូវព័ត៌មាន Malinformation, Disinformation គឺការបំភ្លៃ បំផ្លើស បំភ័ន្តនេះ គឺមានច្រើន ដែលធ្វើឱ្យការផ្សព្វផ្សាយរបស់គាត់(ថៃ) អាចថាបំពេញចិត្តប្រជាជនរបស់គាត់»។
ត្បិតថាថៃ ផ្សាព្វផ្សាយព័ត៌មានមិនពិត ក៏ប៉ុន្តែរដ្ឋមន្ត្រីក្រសួងព័ត៌មានព័ត៌មានកម្ពុជា វាយតម្លៃថា ពលរដ្ឋកម្ពុជា ទទួលបានព័ត៌មានអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ តាមរយៈការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាច្រើនដែលមានមូលដ្ឋានប្រទេសកម្ពុជា៕