ភ្នំពេញ៖ប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ និងខណ្ឌកំបូល៣,១៩៩គ្រួសារ ដែលស្មើនឹងប្រមាណ១១,៣៣៩នាក់ បាននិងកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ដែលហូរធ្លាក់ពីស្ទឹងព្រែកត្នោត។ ក្នុងនោះ ផ្ទះប្រជាពលរដ្ឋចំនួន២,៩៦៣ខ្នង និងផ្ទៃដីស្រូវវស្សា១៣៥ហិកតា ក៏កំពុងតែរងផលប៉ះពាល់ផងដែរ។ នេះបើតាមរបាយការណ៍បឋមរបស់រដ្ឋបាលខណ្ឌដង្កោ និងខណ្ឌកំបូល គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ។ 

របាយការណ៍ដដែលបានបញ្ជាក់ថា ស្ថានភាពទឹកជំនន់នេះបាននិងកំពុងប៉ះពាល់ សង្កាត់១១ គឺខណ្ឌដង្កោចំនួន១០សង្កាត់រួមមាន៖ សង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ។ រីឯខណ្ឌកំបូលប៉ះពាល់តែ១សង្កាត់ប៉ុណ្ណោះ គឺសង្កាត់បឹងធំ។ 

ដោយឡែក នៅគិតត្រឹមថ្ងៃទី២៧ ខែតុលាដដែល ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខណ្ឌកំបូលប្រមាណ១,០៦៨នាក់ ត្រូវបានជម្លៀសដោយកងកម្លាំងអន្តរាគមន៍គ្រោះមហន្តរាយលេខ៩១១ ឱ្យផុតពីតំបន់លិចលង់។ ការជួយសង្គ្រោះនោះ គឺផ្តោតលើការជម្លៀសមនុស្ស រួមទាំងការដឹកជញ្ជូនទ្រព្យសម្បតិ្តផ្សេងៗ និងសត្វពាហនៈដែលបានរងនូវការលិចលង់នៅក្នុងតំបន់នោះទៅកាន់ទីទួលសុវត្ថិភាព ។ 

សូមជម្រាបថា ទឹកជំនន់ដែលលិចលង់ក្នុងភូមិសាស្រ្តខណ្ឌមួយចំនួននៅរាជធានីភ្នំពេញនេះ គឺដោយសារស្ថានភាពទឹកហូរធ្លាក់មកយ៉ាងគំហុកពីស្ទឹងព្រែកត្នោត។ ក្នុងនោះមានផ្ទះប្រជាពលរដ្ឋ រាប់ពាន់ខ្នងត្រូវបានលិចលង់ ខណៈសាលារៀន ផ្លូវថ្នល់ និងផ្ទៃដីកសិកម្មជាច្រើនហិកតាត្រូវរងផលប៉ះពាល់នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕ SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ