ភ្នំពេញ៖ ផ្អែកតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និងស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការធ្វើតេស្តរហ័សជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលមកបំពេញការងារតាមអគ្គនាយកដ្ឋាន និងអង្គភាពនានាចំណុះក្រសួង បន្ទាប់ក្រសួងបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាបន្តបន្ទាប់។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងមហាផ្ទៃសូមណែនាំនូវវិធានការដូចខាងក្រោម៖

១.ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ត្រូវទាក់ទងជាមួយភ្នាក់ងារសុខាភិបាលឬនាយកដ្ឋានសុខាភិបាល នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុដើម្បីទទួលការព្យាបាលឱ្យបានត្រឹមត្រូវ។

២.អង្គភាពរបស់មន្ត្រីរាជការដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ត្រូវស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធប៉ះពាល់ទាំងផ្ទាល់ និងប្រយោល ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ និងតម្រូវឱ្យធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលឱ្យបានត្រឹមត្រូវ ព្រមទាំងចាត់ចែងគ្រប់គ្រងអង្គភាពឱ្យបានហ្មត់ចត់ចៀសវាងការឆ្លងបន្ត។

៣.ត្រូវណែនាំដល់មន្ត្រីរាជការដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ឱ្យចូលរួមសហការជាមួយភ្នាក់ងារសុខាភិបាល និងអាជ្ញាមូលដ្ឋានដើម្បីយកសំណាកក្រុមគ្រួសារដែលបានប៉ះពាល់ធ្វើតេស្តរកមេរោគកូវីដ-១៩ និងតម្រូវឱ្យធ្វើចត្តាឡីស័កតាមវិធានសុខាភិបាលឱ្យបានត្រឹមត្រូវដើម្បី ចូលរួមកាត់ផ្តាច់ខ្សែចម្លងចូលក្នុងអង្គភាព និងសហគមន៍។

៤.ចំពោះថ្នាក់ដឹក និងមន្ត្រីរាជការដែលរកឃើញវិជ្ជមានកូវីដ-១៩ ហើយត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាល និងថែទាំដោយខ្លួនឯងនៅគេហដ្ឋានឱ្យបានត្រឹមត្រូវដើម្បីបញ្ជាក់ថា សាមីខ្លួនពិតជាបានជាសះស្បើយពីជំងឺកូវិដ-១៩ពិតប្រាកដមែន មុនបញ្ចប់ចត្តាឡីស័កឬ ចូលបម្រើរការងារក្នុងអង្គភាពវិញ៕ SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ