ភ្នំពេញ៖ ដោយតបទៅងព្រះរាជសំណើរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក Emmanuel MACRON ប្រធានាធិបតីបារាំង បានសន្យាថានឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavillon Napoleon III នៅក្នុងបរិវេណព្រះបរមរាជវាំង។ 

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា ក្នុងឱកាសនៃព្រះរាជទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានជួបព្រះរាជសវនាការជាមួយលោក Emmanuel MACRON ប្រធានាធិបតីបារាំង នៅវិមាន Élysée នៅថ្ងៃទី១៣ ខែវិច្ឆិកា ។

ព្រះករុណា ព្រះមហាក្សត្រ ក៏បានថ្លែងអំណរគុណចំពោះបារាំង ដែលបានដើរតួនាទីសំខាន់ក្នុងការបន្តយន្តការអន្ដររដ្ឋាភិបាលស្ដីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្រ្ដតំបន់អង្គររយៈពេល១០ ឆ្នាំបន្ថែមទៀត (២០២៣-២០៣២) ដែលយន្តការនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៣ ក្រោមការផ្តួចផ្តើម និងអំពាវនាវនៃ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»។ គំនិតផ្តួចផ្តើមនេះត្រូវបានរាជ រដ្ឋាភិបាលកម្ពុជាគ្រប់ជំនាន់ចាត់ទុកជាអាទិភាព ទាំងក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទាំងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ព្រះករុណា ព្រះមហាក្សត្រ ក៏បានសំដែងនូវក្តីរំពឹងយ៉ាងខ្លាំងចំពោះ (១) គម្រោងនៃការសិក្សាការជួសជុល និងការពង្រីកសារមន្ទីរជាតិដោយអ្នកជំនាញរបស់បារាំង (២)កិច្ចសហប្រតិបត្តិការរវាងសារមន្ទីរជាតិ និងសារមន្ទីរ Guimet និង (៣) ការជួសជុលរូបព្រះវិស្ណុផ្ទុំធ្វើពីសំរិទ្ធ រួមទាំងការតាំងបង្ហាញវត្ថុបុរាណខ្មែរនៅប្រទេសបារាំង និងសារមន្ទីរនានា។ 

ជាកិច្ចឆ្លើយតបលោក Emmanuel MACRON បានបញ្ជាក់ពីការប្តេជ្ញារបស់រដ្ឋាភិបាលបារាំងក្នុងការបន្តជួយដល់វិស័យនានា ពិសេសវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈការជួយដល់ការបណ្តុះបណ្តាលធនធានមនុស្ស ការគាំទ្រដល់កម្មវិធីបង្ការជំងឺឆ្លងពីសត្វទៅមនុស្ស ការវះកាត់ពីចម្ងាយ (Tele-Chirurgie) និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងវិស័យនេះ។

លោក Emmanuel MACRON បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបារាំងក្នុងការជួយដល់ វិស័យវប្បធម៌ ជាពិសេស គម្រោងការជួសជុល និងការពង្រីកសារមន្ទីរជាតិ  និងគម្រោងជួសជុលរូបព្រះវិស្ណុធ្វើពីសំរឹទ្ធ ដើម្បីយកមកតាំងនៅប្រទេសបារាំង ជាមួយនឹងវត្ថុបុរាណមួយចំនួនទៀត ។ 

លោកប្រធានាធិបតី បានចាត់ទុកថាជោគជ័យនៃយន្តការអន្ដររដ្ឋាភិបាលស្ដីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្រ្ដតំបន់អង្គរ គឺជាគំរូនៃពហុភាគីនិយម។

តបនឹងព្រះរាជសំណើរបស់ ព្រះករុណា ព្រះមហាក្សត្រ ប្រធានាធិបតីបារាំង បានសន្យាថា «នឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavillon Napoleon III នៅក្នុងបរិវេណព្រះបរមរាជវាំង» ។ 

ដោយបានដឹងថា កម្ពុជាមានឆន្ទៈក្នុងការទទួលរៀបចំព្រឹត្តិការណ៍សំខាន់មួយរបស់អង្គការហ្វ្រង់កូហ្វូនី ប្រធានាធិបតីបារាំង បានលើកទឹកចិត្តឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦ ហើយបានសន្យាថាបារាំងនឹងគាំទ្របេក្ខភាពកម្ពុជា ។ ព្រះមហាក្សត្រ មានព្រះបន្ទូលថា កម្ពុជាពិតជាមានមោទនភាពនឹងដាក់បេក្ខភាពរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ ហើយ ព្រះអង្គទ្រង់មានព្រះរាជតម្រិះថា ការគាំទ្ររបស់បារាំងមានតម្លៃយ៉ាងខ្លាំង ពីព្រោះកិច្ចគាំទ្រនេះ នឹងឆ្លុះបញ្ចាំងពីឆន្ទៈក្នុងការពង្រឹងវត្តមានដ៏មានសារៈសំខាន់របស់បារាំងនៅអាស៊ី។ 

លោក Emmanuel MACRON បានយាងព្រះករុណា ព្រះមហាក្សត្រ ចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅទីក្រុងបារីស នាថ្ងៃទី ៤-៥ ខែតុលា ឆ្នាំ២០២៤។  ព្រះករុណា ព្រះមហាក្សត្រ ទ្រង់ក៏បានអញ្ជើញ ប្រធានាធិបតីបារាំង និងលោកស្រី ចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ នៅកម្ពុជា។ លោកប្រធានាធិបតី ក៏បានបញ្ជាក់នូវសេចក្តីរីករាយក្នុងការចូលរួម ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ