សៀមរាប៖នៅក្នុងរយៈពេល៣សប្តាហ៍នៃការធ្វើកំណាយបុរាណវិទ្យាស្រាវជ្រាវ ដើម្បីធ្វើការជួសជុលខ្លោងទ្វារតាកាវ និងចម្លាក់យក្ស និងទេវតាលើស្ពានហាលនៃខ្លោងទ្វារតាកាវ អាជ្ញាធរជាតិអប្សរាបានរកឃើញរូបចម្លាក់ និងបំណែកវត្ថុបុរាណមួយចំនួន។
ចំពោះការរកឃើញ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថាគឺមានក្បាលយក្សចំនួន០៣នៅពេញល្អ ឯក្បាល០៣ទៀតមានត្រឹមតែពាក់កណ្តាល ដងខ្លួនអាសុរៈបានរកឃើញចំនួន០៤។ រីឯ ព្រះសិរទេវតាបានរកឃើញចំនួន០៣ ក្នុងនោះចំនួន០២នៅពេញល្អ និង០១ទៀតមានត្រឹមពាក់កណ្តាលស្មាដល់បបូរមាត់។
សូមបញ្ជាក់ថា ខ្លោងទ្វារតាកាវ ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន្ត ត្រូវបានបើកការដ្ឋានជួសជុលកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ៕SP