ស្ថានភាពសមុទ្រចិនកាន់តែរស៊ើប ខណៈដែលសហព័ន្ធអាល្លឺម៉ង់សម្រេចបញ្ជូននាវាពិឃាតរបស់ខ្លួនជាលើកដំបូងទៅកាន់សមុទ្រចិនខាងត្បូងស្របពេលដែលនាវាអង់គ្លេស និង អាមេរិកនៅទីនោះ
បរទេស៖ សហព័ន្ធអាល្លឺម៉ង់សម្រេចបញ្ជូននាវាពិឃាតរបស់ខ្លួនជាលើកដំបូងនៅក្នុងរយៈពេល២០ឆ្នាំមកនេះទៅកាន់សមុទ្រចិនខាងត្បូងជាការបន្ថែមកំដៅរលកសមុទ្រចិនខាងត្បូងខណៈកម្លាំងម៉ាស៊ីនរបស់ក្រុមប្រទេសមហាអំណាចលោកខាងលិចបានបើកប្រជែងនឹងចិននៅទីនោះ។
អស់រយៈពេល២ឆ្នាំមកហើយដែល សហរដ្ឋអាមេរិកបានសម្រេចបញ្ជូននាវាផ្ទុកយន្ដហោះនិងនាវាចម្បាំងជាច្រើនគ្រឿងទៅសមុទ្រចិនខាងត្បូង ស្របពេលដែលចិនកំពុងពង្រីកឥទ្ធិពលរបស់ខ្លួន ជាមួយនឹងការពង្រាយនាវាផ្ទុកយន្ដហោះ និង នាវាចម្បាំងរបស់ខ្លួនរាប់សិបគ្រឿង នៅដែនកោះសិប្បនិម្មិតរបស់ខ្លួន។
ក្រោយមកគឺនៅ២០២១នេះ មហាអំណាច អង់គ្លេសក៏បានបញ្ជូនក្រុមនាវាផ្ទុកយន្ដហោះHMSអមដោយនាវាពិឃាតចំនួន១៨គ្រឿងមករៀបចំធ្វើសមយុទ្ធជាមួយនឹងក្រុមនាវាទី៧របស់សហរដ្ឋអាមេរិក។
ខណៈនាវាអង់គ្លេសមិនចេញផុតនៅឡើយពីសមុទ្រចិនខាងត្បូង អាល្លឺម៉ង់បានបញ្ជូននាវាពិឃាតដ៏ទំនើបរបស់ខ្លួនឈ្មោះថា Bayernទៅកាន់ទីនោះដែរ។ ដោយមិនបញ្ជាក់ពីការបម្រុងធ្វើអ្វីមួយនៅសមុទ្រចិនខាងត្បូងក៏ដោយក្ដី។ ក្រសួងការពារជាតិអង់គ្លេសចេញសេចក្ដីថ្លែងការណ៍ដែលស្រង់មកផ្សាយដោយDWថា អាល្លឺម៉ង់ សម្ព័ន្ធភាពនឹងមានវត្តមាននៅឥណ្ឌូប៉ាស៊ីហ្វិក។ Bayernបានធ្វើដំណើរចាកចេញពីមូលដ្ឋានទ័ព Wilhelmshavenកាលពីថ្ងៃទី០២សីហា។
នាវាពិឃាតBayernរបស់អាល្លឺម៉ង់នឹងបំពេញទស្សនកិច្ច៦ខែនៅជុំវិញពិភពលោក។ នាវានឹងចូលចតនៅកំពង់ផែចំនួន១២ ក្នុងនោះមានទាំង Djibouti, Guam រួម ទាំងShanghai ចិនផងដែរ។ ត្រង់នេះហើយ កាសែតរដ្ឋចិនអះអាងថា ខុសពីអង់គ្លេសដែលដើរខុសគេតែឯងនៅអឺរ៉ុប គឺយ៉ាងហោចណាស់នាវារបស់អាល្លឺម៉ង់តំណាងឱ្យសហភាពអឺរ៉ុបទាំងមូលមកចងមិត្តភាពនឹងម្ចាស់តំបន់។មន្ត្រីក្រុងប៊ែរឡាំងក៏បានលើកឡើងថា នាវាចរអាល្លឺម៉ង់នឹងប្រកាន់ភ្ជាប់នូវគោលការណ៍ពាណិជ្ជកម្មរួមដែលគេរំពឹងថានាវាចម្បាំងនេះអាចនឹងមិនឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។
ទោះជាមើលទៅ អាល្លឺម៉ង់មកបង្ហាញអំណាចលោកខាងលិចលើទឹកដីអាស៊ីប៉ាស៊ីហ្វិកក៏ដោយ ក៏អាល្លឺម៉ង់ត្រូវបានគេមើលឃើញថា ស្វែងរកតុល្យភាពរវាងផលប្រយោជន៍សន្តិសុខ និងសេដ្ឋកិច្ចរបស់ខ្លួន ខណៈប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ក្រុងប៊ែរឡាំង៕