លោកគីម ជុងអ៊ុនមេដឹកនាំវ័យក្មេងរបស់ កូរ៉េខាងជើង ស្រក់ទឹកភ្នែកពេលអរគុណកងទ័ពនិងសុំទោសប្រជាជន
មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនមានអារម្មណ៍រំជួលចិត្តនៅពេលថ្លែងសុន្ទរកថា នៅឯពិធីព្យុហយាត្រាយោធាកាលពីចុងសប្តាហ៍ ខណៈលោកបានអរគុណដល់កងទ័ព ចំពោះការលះបង់របស់ពួកគេ និងបានសុំទោសដល់ពលរដ្ឋ ដែលមិនបានធ្វើឲ្យជីវិតរបស់ពួកគេប្រសើរឡើង។
នៅក្នុងសុន្ទរកាលពីថ្ងៃទី១០ខែតុលាឆ្នាំ២០២០ ក្នុងអំឡុងពេលប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតគណបក្សពលករ លោកគីម ជុងអ៊ុនបានថ្លែងអំណរគុណដល់កងទ័ពរាប់ពាន់នាក់ ដែលបានតស៊ូ នៅក្នុងយុទ្ធនាការឆ្លើយតបនឹងគ្រោះមហន្តរាយខ្យល់ព្យុះ ដែលវាយប្រហារផ្នែកខ្លះ នៃប្រទេសកូរ៉េខាងជើង កាលពីពេលថ្មីៗនេះ និងការជួយការពារការឆ្លងរាលដាលនៃវីរុសកូវីដ១៩នៅក្នុងប្រទេស។ លោកគីម ជុងអ៊ុនរំភើពចិត្ត ដែលមិនមានជនជាតិកូរ៉េខាងជើង សូម្បីតែម្នាក់ឆ្លងវីរុសកូវីដ១៩។
លោកគីមនិយាយថា ផលប៉ះពាល់នៃវិធានការដ៏តឹងរ៉ឹងប្រឆាំងនឹងមេរោគឆ្លង,ការដាក់ទណ្ឌកម្មអន្តរជាតិនិងព្យុះទីហ្វុងជាច្រើន បានក្លាយជាឧបសគ្គរារាំងរដ្ឋាភិបាលមិនឲ្យបំពេញការសន្យា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋបាន។ លោកថា ការខិតខំនិងភាពស្មោះត្រង់របស់លោកមិនគ្រប់គ្រាន់ទេ ក្នុងការលុបបំបាត់ការលំបាករបស់ប្រជាជន។ តែយ៉ាងណាក៏ដោយ ប្រជាជននៅតែជឿជាក់លើរូបលោក។ លោកគីម ជុងអ៊ុនបាននិយាយទាំងស្រក់ទឹកភ្នែកនិងអួលដើមក ហើយសាររបស់មេដឹកនាំវ័យជាង៣០ឆ្នាំរូបនេះ បានកន្ត្រាក់អារម្មណ៍មន្ត្រី កងទ័ព និងប្រជាជនកូរ៉េខាងជើង រហូតធ្វើឲ្យពួកគេយំយែកដោយភាពស្ងៀមស្ងាត់នៅក្នុងពិធី។
សេដ្ឋកិច្ចរបស់កូរ៉េខាងជើង ត្រូវបានប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ ដោយសារតែទណ្ឌកម្មរបស់អន្តរជាតិ ប្រឆាំងនឹងកម្មវិធីអាវុធនុយក្លេអ៊ែរនិងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។ សេដ្ឋកិច្ចដែលកំពុងតែរងគ្រោះស្រាប់ បានរងផលប៉ះពាល់បន្ថែមទៀត នៅពេលដែលប្រទេសដ៏ឯកោមួយនេះ បានបិទខ្ទប់ចរាចរណ៍ព្រំដែនស្ទើរតែទាំងអស់ នៅក្នុងកិច្ចប្រឹងប្រែង ដើម្បីការពារការឆ្លងមេរោគកូរ៉ូណា។ អង្គការសហប្រជាជាតិនិយាយថា ប្រជាជនកូរ៉េខាងជើងប្រមាណជា ៤០ ភាគរយ ប្រឈមនឹងការកង្វះស្បៀងអាហារ ដែលអាចនឹងកាន់តែធ្ងន់ធ្ងរទៅៗ ដោយសារតែផលប៉ះពល់ពីគ្រោះទឹកជំនន់និងខ្យល់ព្យុះ៕SP