ភ្នំពេញ៖ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ចូលរួមសហការដោយក្រុមប្រឹក្សាផ្សព្វផ្សាយ ទេសចណ៍ម៉ាឡេស៊ីបានបង្កើតកម្មវិធី“យើងយកចិត្តទុកដាក់យើងចែករំលែក” ដើម្បីបង្ហាញពីភាពសាមគ្គីគ្នា រវាង ស្ថាប័នសុខាភិបាល និងសហគមន៍នៅកម្ពុជា ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ឲ្យទទួលបានជោគជ័យ ក្នុងពេលដ៏ខ្លីខាងមុខនេះ។
តាមរយៈកម្មវិធីនេះ ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានឧបត្ថម្ភសម្ភារ មួយចំនួនជូនដល់ស្ថាប័នជាតិចំនួន៥ រួមមាន៖មណ្ឌលជាតិផ្ដល់ឈាម មន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ក្រសួងសុខាភិបាល មន្ទីរពេទ្យគន្ធបុប្ផាជាតិ២និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
កម្មវិធីនេះបានបង្ហាញនិងគាំទ្រចំពោះ ការខិតខំប្រឹង ប្រែង របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនិងបុគ្គលិក ដែលបានខិតខំ បំពេញ ភារកិច្ច ដោយ គ្មាន ការឈប់សំរាក ក្នុងការជួយទប់ស្កាត់មិនឱ្យមានការ រីករាលដាលនៃ មេរាគ កូវីដ១៩ ។
ក្នុងឱកាសនោះលោក Eldeen Husaini Bin Mohd Hashim ឯកអគ្គរាជទូតនៃស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានថ្លែងថា “ការជួបសំណេះសំណាលនិងការឧបត្ថម្ភ នាពេលនេះ គឺដើម្បីចូលរួមគាំទ្រ លើកទឹកចិត្តដល់រាជដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការ ផ្សព្វផ្សាយអប់រំ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជាផងដែរ”។
លោកបន្តថា ជាពិសេសបង្ហាញពីការគាំទ្រ ចំពោះការខិតខំប្រឹងប្រែង របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងបុគ្គលិកដទៃ ដែលបានខិតខំបំពេញភារកិច្ច ដោយគ្មានការឈប់សំសម្រាក ក្នុងការជួយទប់ស្កាត់ មិនឱ្យមានការរីករាលដាលនៃមេរាគកូវីដ១៩។
ក្នុងអំឡុងពេលការនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ លោកទូត ក៏បានលើកទឹកចិត្តដល់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ថែរក្សា ការពារសុខភាព ឱ្យបានខ្ពស់មិនថាស្ថិតនៅទីកន្លែងណាក៏ដោយ ហើយត្រូវចូលរួមផ្សព្វផ្សាយបន្តៗគ្នា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីឌ១៩ ឱ្យបាត់ពីពិភពលោកក៏ដូចជាឲ្យអស់ពីកម្ពុជាផងដែរ។
ជាមួយគ្នានោះ ឯកអគ្គរាជទូត ក៏បានកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះវិធីសាស្រ្តនិងគោលនយោបាយនានា ដែលកំពុងតែអនុវត្ត ក្នុងការដោះស្រាយនូវមេរោគរាតត្បាតមួយនេះបានទាន់ពេលវេលា។
សូមបញ្ជាក់ថា រហូតមកទល់ពេលនេះកម្ពុជាមានអ្នកឆ្លងកូវីដ១៩ ចំនួន១២២នាក់ ខណៈព្យាបាលជាសះស្បើយកើនដល់១១៩នាក់ និងអ្នកដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ នៅសល់តែ៣នាក់ទៀតតែប៉ុណ្ណោះ៕E B