ប្រវត្តិ សង្ខេបរបស់ លោក Warren Buffett ទម្រាំក្លាយជាមហាសេដ្ឋីពិភពលោក
លោក Warren Buffett បច្ចុប្បន្ន គឺជាមហាសេដ្ឋីពិភពលោក ជាស្ថាបនិកនិងអគ្គនាយកសាជីវកម្ម Berkshire Hathaway ដែលជាម្ចាស់របស់ក្រុមហ៊ុនជាង៦០ដោយបច្ចុប្បន្នគាត់មានលុយខ្ទង់ ៨២ .៥ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមគេហទំព័រសារព័ត៌មានបរទេស Forbes ចេញផ្សាយកាលពីពេលកន្លងមកថ្មីៗនេះ។
លោក Warren Buffett កើតនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៣០ នាទីក្រុង Omaha រដ្ឋ Nebraska សហរដ្ឋអាមេរិក។ ឪពុករបស់លោកឈ្មោះ Howard ធ្លាប់ធ្វើជាអ្នកគួកជេរហ៊ុន និងជាអតីតសមាជិកសភាអាមេរិក ឯម្ដាយឈ្មោះ Leila Stahl Buffett ជាស្ត្រីមេផ្ទះ។
ត្បិតថាគ្រួសាររបស់លោកមានជីវភាពបង្គួរក៏ដោយ ក៏លោកចាប់ផ្ដើមចេះរកលុយខ្លួនឯងតាំងពីតូចមកម្ល៉េះ។ ពោលលោកធ្លាប់ដើរលក់ស្ករគ្រាប់ ស្ករកៅស៊ូ ទស្សនាវដ្ដី និងភេសជ្ជៈពីផ្ទះមួយទៅផ្ទះមួយ។ ដោយមានដុងខាងលក់ដូរបែបនេះ នៅអាយុ១១ឆ្នាំ លោកចាប់ផ្ដើមបោះទុនរកស៊ីលើកដំបូង ដោយទិញហ៊ុនចំនួន៣ ពីក្រុមហ៊ុន Cities Service Preferred ក្នុងនោះហ៊ុនមួយមានតម្លៃ ៣៨ដុល្លារ
លុះនៅអាយុ២០ឆ្នាំ Buffett សន្សំលុយបានជិត១ម៉ឺនដុល្លារ ហើយលោកសម្រេចចិត្តចាប់ផ្ដើមគួកជេរហ៊ុនទាំងប្រថុយប្រថាន។ ក្រោយមក ពេលលោកបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាលា Columbia Business School លោកបានចូលបម្រើការងារនៅក្រុមហ៊ុនរបស់លោក Benjamin Graham ដែលជាក្រុមហ៊ុនដៃគូរបស់ឪពុកលោក ដោយទទួលបានប្រាក់ប្រចាំឆ្នាំ ១២ ០០០ដុល្លារ។ ក្រោយពេលលោក Benjamin Graham ចូលនិវត្ត និងលែងពីដៃគូរកស៊ីជាមួយឪពុកលោក នៅឆ្នាំ១៩៥៦ លោក Buffett បានបង្កើតក្រុមហ៊ុនខ្លួនឯង ដោយមានឈ្មោះថា Buffett Partnership Ltd., នៅក្នុងទីក្រុង Omaha។
៦ឆ្នាំក្រោយមក បន្ទាប់ពីបើកក្រុមហ៊ុនខ្លួនឯងផ្ទាល់ និងមានដៃគូភាគហ៊ុនច្រើន ពោលគឺនៅឆ្នាំ១៩៦២ Buffett បានក្លាយជាមហាសេដ្ឋីប្រាក់លានដុល្លារ។ តែមិនយូរប៉ុន្មាន ក្រុមហ៊ុនដៃគូទាំងអស់របស់គាត់ បានរំលាយចូលគ្នាទៅជាក្រុមហ៊ុនវាយនភណ្ឌដ៏ធំមួយឈ្មោះ Berkshire Hathaway និងចាប់ផ្ដើមទិញហ៊ុនជាបណ្ដើរៗ។ មិនយូរប៉ុន្មានផង នៅឆ្នាំ១៩៦២ ដដែលនោះ លោកបានប្ដូរពីជំនួញវាយនភណ្ឌទៅជាវិស័យធានារ៉ាប់រងវិញ។ រហូតដល់ឆ្នាំ១៩៨៥ សម្ភារៈក្នុងក្រុមហ៊ុនវាយនភណ្ឌទាំងប៉ុន្មានត្រូវបានដាក់លក់ទាំងអស់។ នៅឆ្នាំ១៩៨៧ ក្រុមហ៊ុនធានារ៉ាប់រង Berkshire Hathaway បានទិញភាគហ៊ុនពីក្រុមហ៊ុន Salomon Inc. ១២ភាគរយ ហើយពេលនោះលោក Buffett បានក្លាយជាម្ចាស់ភាគហ៊ុនដ៏ធំជាងគេបំផុត។
នៅឆ្នាំ១៩៩០ ក្រុមហ៊ុន Salomon Brother ជួបវិបត្តិធ្ងន់ធ្ងរ ហើយនៅឆ្នាំ១៩៩១ លោក John Gutfreund ដែលជា CEO បានចាកចេញពីក្រុមហ៊ុន។ បន្ទាប់ពីលោក John Gutfreund ចាកចេញទៅ លោក Buffett បានឡើងកាន់តំណែងជាប្រធានម្ដង រហូតដល់ដោះស្រាយវិបត្តិនោះបានដោយជោគជ័យ។ រយៈពេលប្រមាណជាង១០ឆ្នាំក្រោយមក លោក Buffett រកចំណូលបានជាង ២ពាន់លានដុល្លារ តែពេលនោះលោកសម្រេចចិត្តបរិច្ចាគភាគហ៊ុនក្រុមហ៊ុន Berkshire បន្តិចម្ដងៗ ប្រហែល ៨៥% ទៅកាន់មូលនិធិសប្បុរសធម៌ចំនួន៥ រួមទាំងចូលជាមួយមូលនិធិ Bill និង Melinda Gates Foundation ផងដែរ។
សូមជម្រាបជូនថា នៅឆ្នាំ២០០៨ លោក Warren Buffett ធ្លាប់បានក្លាយជាមហាសេដ្ឋីពិភពលោកលំដាប់ទី១ ជាមួយនឹងទឹកប្រាក់ ៦២ពាន់លានដុល្លារ ខណៈលោក Carlos Slim Helu & family លំដាប់ទី២ ជាមួយនឹងទឹកប្រាក់ ៦០ពាន់លានដុល្លារ។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន Forbes ចេញផ្សាយ។ គួរជម្រាបជូនថា បច្ចុប្បន្ននេះ មហាសេដ្ឋីពិភពលោករូបនេះ គឺជានាយកប្រតិបត្តិ និងម្ចាស់ភាគហ៊ុនធំជាងគេបំផុតនៃក្រុមហ៊ុនពហុវិស័យ Berkshire Hathaway ដែលមានទីស្នាក់ការនៅទីក្រុង Omaha សហរដ្ឋអាមេរិក៕SP