គិតត្រឹម៥ល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកពុលស្រាមានសារធាតុមេតាណុល នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានកើនឡើងដល់ចំនួន ១០៥នាក់ហើយ ខណះមានអ្នកស្លាប់២នាក់ពេលបញ្ជូនទៅភ្នំពេញ ២នាក់ទៀតស្លាប់នៅមូលដ្ឋាន និងម្នាក់នៅមន្ទីរពេទ្យខេត្ត។ នេះបើតាមរបាយការណ៍បឋមស្តីពីការពុលស្រាមានសារធាតុមេតាណុល ដែលលោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ  រាយការណ៍ ទៅ ក្រសួងសុខាភិបាល។

ករណីនេះក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា បានចាត់ក្រុមការងារមួយក្រុម ដើម្បីសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយបន្ទាន់នូវករណីពុលស្រាសនេះ និងបានអំពាវនាវប្រជាពលរដ្ឋកុំពិសាស្រាស ដែលរៀបចំគ្មានបច្ចេកទេសត្រឹមត្រូវ ដើម្បីចៀសផុតពីការពុល ដែលធ្វើឲ្យបាត់បង់ជីវិត។

គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណជាង៤ រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានមនុស្សប្រុស ស្រីជាច្រើននាក់ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបានដឹកមកសង្រ្គោះបន្ទាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ជាបន្តបន្ទាប់ ដោយសារពួកគាត់មានអាការ:ឈឺក្បាល វិលមុខ តឹងទ្រូង ថប់ដង្ហើម និង ក្អួតចង្អោរយ៉ាងខ្លាំង ក្រោយពីពួកគាត់នាំគ្នាផឹកស្រាស និង ស្រាថ្នាំ ពេលកំដរបុណ្យសព ។ ដោយឡែក អ្នកដែលមានអាការៈធ្ងន់ធ្ងរបានបញ្ជូនបន្តទៅសង្រ្គោះនៅភ្នំពេញ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ