អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ ភាគីថៃ មិនមានចេតនាវាយប្រហារត្រឹមតែទីតាំងយោធាកម្ពុជានោះទេ គឺបើកការវាយប្រហាររហូតដល់ទីតាំងតំបន់ប្រជាជនស្លូតត្រង់រស់នៅ
ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងឱ្យដឹងថា ភាគីថៃ មិនមានចេតនាវាយប្រហារត្រឹមតែទីតាំងយោធាកម្ពុជានោះទេ គឺបើកការវាយប្រហាររហូតដល់ទីតាំងតំបន់ប្រជាជនស្លូតត្រង់រស់នៅ។
សូមបញ្ជាក់ថា មកដល់ពេលនេះ មានប្រជាពលរដ្ឋ បានជម្លៀសខ្លួនចេញពីតំបន់ប្រឈមសមរភូមិមុខ ព្រំដែនកម្ពុជា-ថៃ។
ក្នុងសន្និសទសារព័ត៌មានស្ដីពី បច្ចុប្បន្នភាពជម្លោះព្រំដែន កម្ពុជា - ថៃ » ពីវិមានសន្តិភាព នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា មកដល់ពេលនេះ កងទ័ពដ៏អង់អាចរបស់កម្ពុជា បានវាយបកដណ្តើមគ្រប់គ្រងបានទាំងស្រុងប្រាសាទតាក្របី តំបន់មុំ៣ និងប្រាសាទមាន់ធំ។
អ្នកនាំពាក្យ គូសបញ្ជាក់ថា «ចំពោះផលប៉ះពាល់យើងឃើញថា ភាគីថៃមិនមានចេតនាវាយប្រហារត្រឹមត្រូវទីតាំងយោធាកម្ពុជាទេ គឺបើកការវាយប្រហាររហូតដល់ទីតាំង តំបន់ប្រជាជនស្លូតត្រងរស់នៅ ដែលយើងសង្កេតឃើញថា នៅក្នុងតំបន់មួយ គឺប្រជាជនកំពុងជម្លៀស ប្រឈមជាមួយនឹងភាពភ័យខ្លាច ចំពោះការវាយប្រហាររបស់ខាងភាគីថៃ មកលើតំបន់ប្រជាជនស្លូតត្រង»។
សូមជម្រាបថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មានការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ ដែលបង្កឡើងដោយទាហានថៃជាអ្នកឈ្លានពាន និងបាញ់ប្រហារមុនមកលើទាហានកម្ពុជា ដោយបង្ខំឱ្យទាហានកម្ពុជាត្រូវបាញ់តបតវិញ ដើម្បីការពារខ្លួន។