អគ្គស្នងការដ្ឋានគរបាលជាតិ ក្រឿនរំលឹកដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ កុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់
ភ្នំពេញ ៖ អគ្គស្នងការដ្ឋានគរបាលជាតិ បានក្រឿនរំលឹកដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ កុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គស្នងការដ្ឋានគរបាលជាតិ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
ខណៈពេលដែលការប្រយុទ្ធរវាងកងទ័ព កម្ពុជា-ថៃ បានផ្ទុះឡើងនៅតាមបន្ទាត់ព្រំដែន អគ្គស្នងការដ្ឋាននគរបាលជាតិ បានកត់សម្គាល់ឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទចែករំលែកព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ទាក់ទិននឹងការផ្ទុះអាវុធរវាងកងទ័ពទាំងពីរ។
ក្នុងន័យនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់សាធារណៈជនទាំងអស់មេត្តាតាមដាន ឬចែកចាយព័ត៌មានចេញពីប្រភពផ្លូវការសំខាន់ៗរបស់រាជរដ្ឋាភិបាលទាក់ទងនឹងសមរភូមិយោធានៅតំបន់ព្រំដែន រួមមាន៖ ថ្នាក់ដឹកនាំកំពូលរបស់ជាតិ, ក្រសួងការពារជាតិ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក្រៅពីនោះ គឺមិនមែនជាព័ត៌មានផ្លូវការនោះទេ។
អគ្គស្នងការដ្ឋានគរបាលជាតិ គូសបញ្ជាក់ថា «សូមក្រឿនរំលឹកដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ សូមកុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ជាពិសេសរូបភាព ឬព័ត៌មានដែលបង្ហាញពីសកម្មភាពកងទ័ព លេណដ្ឋាន និងការចល័តកម្លាំងទ័ព និងគ្រឿងសព្វាវុធគ្រប់ប្រភេទ។ សូមមេត្តាចូលរួមសហការទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់ចំពោះព័ត៌មានក្លែងក្លាយទាំងអស់គ្នា»៕