សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យពលរដ្ឋខ្មែររក្សាសេចក្តីថ្លៃថ្នូ ជៀសវាងពីការរើសអើង ឬធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ស្ថានទូតថៃនៅកម្ពុជា
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែររក្សានូវសីលធម៌ សេចក្តីថ្លៃថ្នូ ជៀសវាងពីការរើសអើង ឬធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ស្ថានទូតថៃនៅកម្ពុជា ក្រុមហ៊ុនថៃ និងប្រជាពលរដ្ឋថៃ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា «ទោះបីជាពេលនេះមានការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅព្រំដែនក៏ដោយ ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែររក្សានូវសីលធម៌ សេចក្តីថ្លៃថ្នូ ជៀសវាងពីការរើសអើង ឬធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់ស្ថានទូតថៃនៅកម្ពុជា ក្រុមហ៊ុនថៃ និងប្រជាពលរដ្ឋថៃដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា»។
សម្ដេចធិបតី បន្ដថា ចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការឬសិក្សានៅប្រទេសថៃ ដែលអាចរងសម្ពាធពីការរើសអើង ហើយត្រូវការត្រឡប់មកកម្ពុជាវិញ សូមត្រឡប់មកប្រទេសយើងវិញ។ ក្នុងករណីបងប្អូនត្រូវការជំនួយ សូមទាក់ទងទៅស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ឬស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវនៅប្រទេសថៃ តាមរយៈលេខទូរស័ព្ទខាងក្រោម៖
១. ស្ថានទូតកម្ពុជានៅទីក្រុងបាងកក
- ផ្នែកកុងស៊ុល៖ ០២ ៩៥៧៥៨៥១ / ០៩២ ៨០៥០៥៦១
- ផ្នែកអនុព័ន្ធការងារ៖ ០៩៤ ០៩២៥៩០៥ / ០៩៤ ៤១៦ ៥៥១៨/ ០៨៣ ៥៤៥ ៧៧៨៨/ ០៩២ ២៩៩ ០១៣៣
២. ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ
- ផ្នែកកុងស៊ុល៖ ០៨០ ៣៩៣ ៦៨៧៨ / ០៨៥ ០១២ ៣៦៦៨
- ផ្នែកអនុព័ន្ធការងារ៖ ០៦២ ០៨៩ ៨៩១៨ / ០៨០ ៨១០ ៥៥០៥៕