បរទេស៖ នាយករដ្ឋមន្ត្រីស្រីដំបូងគេបង្អស់របស់ប្រទសអេស្តូនី ដែលមានរូបសម្រស់ស្រស់សោភា នាងស្លៀករ៉ូបពណ៌ស ពងជីងចក់ ដៃវែងពាក់មួយ ជិះកង់ទៅបំពេញការងារ  យ៉ាងសាមញ្ញបំផុត ដោយអមជាមួយនឹងសំណេរយ៉ាងខ្លីថា «ការជិះកង់ទៅធ្វើការគឺល្អ »។

នាង Kaja Kallas នាយករដ្ឋមន្រ្តីនៃប្រទេសអេស្តូនី ដែលមានអាយុ ៤៣ ឆ្នាំ បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថា «ថ្ងៃនេះ ជាថ្ងៃដំបូងហើយដែលខ្ញុំជិះកង់ទៅធ្វើការ ចាប់តាំងពីក្លាយជានាយករដ្ឋមន្ត្រីកាលពីខែមករា ឆ្នាំ២០២១មក ។» លោកស្រីនាយករដ្ឋមន្ត្រីសរសេរថា កាលនៅជាតំណាងរាស្ត្រ លោកស្រីតែងតែជិះកង់ទៅធ្វើការជាញឹកញាប់ ឲ្យតែអាកាសធាតុអំណោយផល ។ 


ជាមួយគ្នានោះផងដែរ មានអ្នកលេងបណ្តាញ Twitter ជាច្រើនបានបង្ហាញនូវការចាប់អារម្មណ៍ខ្ពស់លើនាយករដ្ឋមន្ត្រីស្រីរូបនេះ និងខ្លះបានបង្ហាញការគាំទ្រ ដោយពោលសរសើរថា «យើងទាំងអស់គ្នាគួរតែរៀនពីអេស្តូនី។

 បន្ទាប់ពីការកាន់កាប់ដោយប្រទេសសូវៀតអស់ជាច្រើនទសវត្ស អេស្តូនីនៅទីបំផុតទទួលបានឯករាជ្យ។ ហើយសព្វថ្ងៃ អេស្តូនី គឺជាប្រទេសដែលរីកចម្រើននិងប្រជាធិបតេយ្យបំផុតក្នុងចំណោមបណ្តាប្រទេស ប្លុកសូវៀត ដទៃទៀត » ។


សូមរម្លឹកថាលោកស្រី Kaja Kallas បានចូលស្បថកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសអេស្តូនី កាលពីខែមករា ឆ្នាំ ២០២១ និងបានក្លាយជានាយករដ្ឋមន្ត្រីស្រីដំបូងគេរបស់អេស្តូនី តាំងពីអេស្តូនី ទទួលបានឯករាជ្យនៅឆ្នាំ ១៩៩១ ។ បន្ទាប់ពីការស្បថចូលកាន់តំណែងរបស់លោកស្រី Kaja Kallas បានប្រាប់សារព័ត៌មាន រ៉យទ័រថា «យើងនឹងកសាងទំនាក់ទំនងរបស់យើងម្តងទៀតជាមួយសម្ព័ន្ធមិត្តប្រទេសជិតខាងរបស់យើង ហើយយើងនឹងព្យាយាមស្តារឈ្មោះរបស់យើងជាប្រទេសល្អដើម្បីវិនិយោគ”។


សូមបញ្ជាក់ថា អេស្តូនី ធ្លាប់ជាផ្នែកមួយនៃសហភាពសូវៀត ។ សព្វថ្ងៃជាសមាជិកនៃសហភាពអឺរ៉ុប អេស្តូនី មានប្រជាជនតែ ជាង ១,៣លាននាក់ប៉ុណ្ណោះ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ