អតីតបេក្ខភាពនាយករដ្ឋមន្ត្រីថៃ លោក ភីថា ប្តេជ្ញាឈរឈ្មោះជាថ្មីទៀត
បាងកក៖ លោក Pita Limjaroenrat អតីតបេក្ខភាពនាយករដ្ឋមន្ត្រី អំឡុងការបោះឆ្នោតនៅប្រទេសថៃបានសន្យាថា នឹងត្រលប់មកឈរឈ្មោះ ជាថ្មីទៀត។ លោក Pita ទទួលបានសម្លេងគាំទ្រច្រើន ក្នុងពេលបោះឆ្នោតសកល ប៉ុន្តែ មិនទទួលបានការគាំទ្របន្ថែមពីរដ្ឋសភា ដើម្បីក្លាយជានាយករដ្ឋមន្ត្រីបានទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ១០ វិច្ឆិកា ២០២៣។
ក្នុងវ័យ៤៣ឆ្នាំ លោក Pita បានប្រាប់ទីភ្នាក់សារព័ត៌មាន នាថ្ងៃទី៩ ខែវិច្ឆិកាថា «ជាការពិត ខ្ញុំមិនបោះបង់ទេ ហើយវាគ្រាន់តែជាបញ្ហា ត្រង់ពេលវេលា ប៉ុណ្ណោះ»។
គួររម្លឹកថា លោក Pita Limjaroenrat ទទួលបានចំណាត់ថ្នាក់លេខ១ ដ៏គួរឱ្យភ្ញាក់ផ្អើល នៅក្នុងការបោះឆ្នោតទូទៅ កាលពីខែឧសភា ឆ្នាំ២០២៣ ព្រោះទទួលបានគាំទ្រខ្លាំងពីប្រជាជនថៃវ័យក្មេង ដែលធុញទ្រាន់នឹងការគ្រប់គ្រងរបស់យោធា ជិតមួយទសវត្សរ៍ គ្រាន់តែថា លោកត្រូវបានរារាំងមិនឱ្យក្លាយជានាយករដ្ឋមន្ត្រី ពីសំណាក់ក្រុមរាជានិយម និងក្រុម យោធា ដែលប្រឆាំងនឹងរបៀបវារៈកំណែទម្រង់របស់លោក។ ពេលនោះ អតីតបេក្ខជននាយករដ្ឋមន្ត្រីរូបនេះ ត្រូវការសំឡេងភាគច្រើន នៅក្នុងសភាទាំងពីរ ដើម្បីយកឈ្នះលើក្រុមប្រឆាំង ប៉ុន្តែបានបរាជ័យ ដោយគេដឹងថា សមាជិកសភាទាំងនោះ តែងតាំងដោយរបបយោធា។
លោក Pita ក៏ប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ បន្ទាប់ពីការបោះឆ្នោត ដោយលោកត្រូវបានហាមឃាត់ មិនឱ្យឈរឈ្មោះ ជាច្រើនឆ្នាំ។ ត្រង់ចំណុចនេះ ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ដល់ AFP លោក Pita ក៏បានបដិសេធថា លោកមិនធ្វើខុសទេ ហើយបាននិយាយថា លោកមានទំនុកចិត្តខ្លាំងណាស់ ចំពោះករណីនេះ។
ដោយទទួលបានការអប់រំនៅប្រទេសថៃ និងនៅសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក លោក Pita ត្រូវបានទាក់ទាញ ឲ្យប្រឡូលចូលនយោបាយ ក្នុងឆ្នាំ ២០១៨ នៅពេលដែលលោកបានចូលរួម ជាមួយអតីតមេដឹកនាំគណបក្ស «ផ្លាស់ទីទៅមុខ»៕