នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ៖ គ្មានការនាំចូលប្រេង គ្មានបទឈប់បាញ់ បើចំណាប់ខ្មាំងមិនត្រូវបានដោះលែង
ហ្ស៊េរុយសាឡិម៖ នាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា «គ្មានសាំង គ្មានបទឈប់បាញ់ ប្រសិនបើចំណាប់ខ្មាំងមិនត្រូវបានដោះលែងនោះ»។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ០៨ វិច្ឆិកា ២០២៣។
នៅក្នុងសេចក្តីថ្លែងការណ៍ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល លោក បេនចាមីន ណេតានយ៉ាហូ (Benjamin Netanyahu) បាននិយាយថា «នឹងមិនមានការនាំចូលប្រេងសាំងទេ ហើយក៏គ្មានបទឈប់បាញ់ ដោយគ្មានការដោះលែងចំណាប់ខ្មាំងរបស់យើង» ។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ទាមទារឲ្យដោះលែងចំណាប់ខ្មាំង ជាថ្នូរនឹងការបើកច្រកសម្រាប់ប្រេងសាំង និងបទឈប់បាញ់នេះ បានកើតឡើង ស្របពេលមានការអំពាវនាវជាអន្តរជាតិកាន់តែខ្លាំងឡើង សម្រាប់បទឈប់បាញ់ ឬ ផ្អាកការប្រយុទ្ធ ខណៈជម្លោះឈានចូលដល់ខែទីពីរហើយនោះ។ ប្រេងសាំងកំពុងប្រឈមនឹងការគ្មានប្រើប្រាស់ នៅហ្គាហ្សា ដោយសារតែបិទខ្ទប់របស់អ៊ីស្រាអែល ជាមួយនឹងស្បៀងអាហារ ទឹក ជាដើម ហើយគេដឹងថា ប្រេងសាំង គឺចាំបាច់ខ្លាំង សម្រាប់ជំរុំភៀសខ្លួន ដែលត្រូវការអគ្គិសនី តាមរយៈការបញ្ឆេះម៉ាស៊ីនភ្លើង។
គួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី៧ ខែវិច្ឆិកា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែល តាមរយៈការទម្លាក់គ្រាប់បែក ទៅលើតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយពួកហាម៉ាសនោះ បានបណ្តាលស្លាប់មនុស្ស កើនដល់ ចំនួន១០៣០០នាក់ហើយ៕RT