មនុស្សម្នាក់ស្លាប់ និង ២២ នាក់រងរបួស ក្នុងការណីបាញ់ប្រហារនៅការប្រារព្ធពិធី Super Bowl ក្នុងទីក្រុង Kansas សហរដ្ឋអាមេរិក
បរទេស៖ បុរសប្រដាប់អាវុធ៣នាក់ ត្រូវបានចាប់ខ្លួនក្រោយពេល បើកការបាញ់ប្រហារអំឡុងក្បួនដង្ហែជ័យជម្នះ Super Bowl របស់ក្លិប Kansas City Chiefs ក្នុងទីក្រុង Kansas សហរដ្ឋអាមេរិក ដោយបានសម្លាប់មនុស្សម្នាក់ និងរបួស២២នាក់ផ្សេងទៀត កាលពីថ្ងៃពុធទី១៤ខែកុម្ភៈ។
ក្នុងចំណោមជនរងគ្រោះទាំងអស់ មាន៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយ៥នាក់អាចឈានដល់បាត់បង់ជីវិត។មិនមានការបញ្ចេញឲ្យដឹងឈ្មោះជនសង្ស័យឡើយ គិតត្រឹមរសៀលថ្ងៃពុធ ហើយសមត្ថកិច្ចក៏មិនបង្ហាញពីមូលហេតុនៃការវាយប្រហារដែរ ប៉ុន្តែបានបញ្ជាក់ច្បាស់ៗថា ឧក្រិដ្ឋកម្មនេះមិន ពាក់ព័ន្ធនឹងអំពើភេរវកម្មឡើយ។ FBI ក៏មានវត្តមាននៅឯក្បួនដង្ហែនោះដែរ ហើយបានផ្តល់ជំនួយដល់នាយកដ្ឋានប៉ូលិសទីក្រុង Kansas ទៀតផង។
សូមបញ្ជាក់ថា តាមការប៉ាន់ស្មាន មនុស្សមួយលាននាក់ទំនងចូលរួមក្នុងក្បួនដង្ហែជ័យជម្នះនេះ ដើម្បីអបអរការឈ្នះពានរង្វាន់ Super Bowl លើកទីពីររបស់ក្រុម Chiefs ក្នុងរយៈពេលពីរឆ្នាំ។ មន្ត្រីអនុវត្តច្បាប់ប្រហែល៦០០នាក់មកពី ៣៤ភ្នាក់ងារក្នុងស្រុក រដ្ឋ និងសហព័ន្ធ ត្រូវបានចាត់តាំងឲ្យឈរជើងការពារក្នុងព្រឹត្តិការណ៍នេះ៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង