ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំបំពេញភារកិច្ចបម្រើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ ប្រព្រឹត្តទៅដោយជោគជ័យ ដើម្បីបន្តលើកតម្កើងកិត្តិយសជាតិ។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងខេត្តព្រៃវែង នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងថា «សូមអំពាវនាវជាថ្មីទៀតឲ្យភាគីពាក់ព័ន្ធទាំងអស់ ពិសេសអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ខិតខំបំពេញភារកិច្ចបំរើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នេះឲ្យប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដើម្បីបន្តលើកតម្កើងកិត្តិយសជាតិក្នុងដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស»។

ជាមួយគ្នានេះដែរ សម្ដេច ស ខេង ក៏បានអំពាវនាវជាថ្មីទៀតដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវត្រៀមឯកសារអត្តសញ្ញាណបណ្ណឲ្យបានគ្រប់ៗគ្នា និងបើមិនមានឯកសារនេះទេ អាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបំរើឲ្យការបោះឆ្នោតពីឃុំសង្កាត់ និងអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។

សូមបញ្ជាក់ថា នាពេលថ្មីៗ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីជូនដំណឹង រំលឹកថា ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ការឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួនដែលត្រូវធ្វើឡើងជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឲ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ