ភ្នំពេញ  ៖ លោក  អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបជាមួយលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ដើម្បីសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសលោកនឹងបញ្ចប់អាណត្តិបេសកកម្មការទូត នៅចុងខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

លោក  អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះ លោក Christian Berger អំពីការងារសម្រេចបានគួរឲ្យកត់សម្គាល់ក្នុងក្របខ័ណ្ឌនៃ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៣ឆ្នាំ (ឆ្នាំ២០១៩-ឆ្នាំ២០២២) នៃការបំពេញបេសកម្មការទូតរបស់លោកនៅកម្ពុជា។

ជាក់ស្តែង សមិទ្ធិផលជាច្រើន ក្នុងអាណត្តិរបស់លោក ក្នុងនោះរួមមាន ការចូលរួមអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព និងការចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា តាមរយៈកម្មវិធីគាំពារសុខភាពសង្គម (Social Health Protection Program) និងកម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ (Identification of Poor Households-ID Poor) តាមរយៈទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស (GIZ)។

លើសពីនេះ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានបើកច្រកប្រភពហិរញ្ញប្បទានថ្មី សម្រាប់កម្ពុជា គឺជាការផ្តល់ឥណទានសម្បទាន តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW)។

ឥណទានសម្បទាន ពីរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) លើកទី១ កម្ពុជាទទួលបាននៅឆ្នាំ២០១៩ ចំនួន៣០លានអឺរ៉ូ សម្រាប់គាំទ្រការអនុវត្ត គម្រោងប្រសិទ្ធភាព ថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ និងបន្ទាប់មក នៅឆ្នាំ២០២០ ដែលមានចំនួន៣០លានអឺរ៉ូដូចគ្នា សម្រាប់ហិរញ្ញប្បទានដល់កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជនបទសម្រាប់កម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ