សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា អង្គការសហប្រជាជាតិបានផ្ដល់មូលនិធិចំនួន១លានដុល្លា ដើម្បីជួយដល់ជនទេសន្តរប្រវេសន៍កម្ពុជា ដូចនេះ ភាគីពាក់ព័ន្ធទាំងអស់ដែលរួមមាន ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការដៃគូទាំងអស់ ត្រូវចាត់ចែងប្រើប្រាស់ថវិកានេះឲ្យចំគោលដៅ ដើម្បីប្រសិទ្ធភាព និងមានតម្លាភាពផងដែរ។ នេះបើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំជាន់ខ្ពស់រវាងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិនៅកម្ពុជា ស្ដីពីកម្មវិធីរួមគ្នា ដើម្បីគាំទ្រជនទេសន្ដប្រវេសន៍ ដែលវិលត្រឡប់ក្នុងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ និងផលប៉ះពាល់ នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។ 

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា អង្គការសហប្រជាជាតិបានផ្ដល់មូលនិធិ ដើម្បីជួយដល់ទេសន្តរប្រវេសន៍ចំនួនទឹកប្រាក់១លានដុល្លា ហើយកិច្ចប្រជុំថ្ងៃនេះ គឺយើងជួបជុំគ្នារវាងភាគីពាក់ព័ន្ធរបស់ភាគីកម្ពុជា និងភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីរៀបចំកម្មវិធីរួមគ្នា ក្នុងការចាត់ចែង និងប្រើប្រាស់ថវិកានេះឲ្យមានប្រសិទ្ធភាព និងតម្លាភាព ហើយបានដល់មុខសញ្ញា និងគោលដៅ ជាពិសេសគឺពលករចំណាក់ស្រុក ឬជនទេសន្តរប្រវេសន៍ដែលជួបបញ្ហា។

សម្ដេចបានបន្ថែមថា ទឹកប្រាក់នេះគឺសម្រាប់ការចំណាយលើកិច្ចការទូទៅសម្រាប់ខេត្តគោលដៅចំនួន៣ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តសៀមរាប ហើយក្នុងនោះអាចមានការជ្រើសរើសទៅតាមទីតាំង និងគោលដៅជាក់ស្ដែងនៃខេត្តទាំង៣នេះផងដែរ ចំណែកក្រុមការងារពាក់ព័ន្ធនានានឹងខិតខំប្រឹងប្រែងធ្វើការងារនេះឲ្យបានសមស្រប និងមានប្រសិទ្ធភាព។ 

សម្ដេចក្រឡាហោម ក៏បានលើកឡើងថា៖ «កន្លងទៅ រាជរដ្ឋាភិបាលបានប្រកាសនូវគោលនយោបាយគាំពារសង្គម ដែលយើងកំពុងអនុវត្តរៀងរាល់ថ្ងៃ ក្នុងនោះយើងមិនមែនអនុវត្តតែសម្រាប់ប្រជាពលរដ្ឋក្រីក្រទេ ក៏មានបងប្អូនជាជនទេសន្តរប្រវេសន៍ផងដែរ បានន័យថាពួកគាត់ក៏ទទួលបានកម្មវិធីនេះដែរ ហើយនេះគឺជាកម្មវិធីដោយឡែកមួយ។»

ជាងនេះទៀត សម្ដេចក្រឡាហោម បានបង្ហាញក្ដីសង្ឃឹមថា ប្រសិនបើយើងអាចអនុវត្តកម្មវិធីដែលមានរយៈពេល៦ខែនេះបានល្អ ហើយការប្រើប្រាស់ថវិកាមូលនិធិដែលអង្គការសហប្រជាជាតិផ្ដល់ឲ្យ មានប្រសិទ្ធភាព នោះយើង នឹងមានការ គាំទ្របន្ថែម ទៀតពីអង្គការសហប្រជាជាតិផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ