ព្រុចសែល៖ ស្របពេលដែលមេដឹកនាំពិភពលោកចូលរួមកិច្ចពិភាក្សាស្តីពី ការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP28 នៅទីក្រុងឌូបៃ ក្រុមបាតុកររាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅទីក្រុងព្រុចសែល ដើម្បីទាមទារឱ្យចាត់វិធានការទប់ទល់នឹងការប្រែប្រួលអាកាសធាតុជាបន្ទាន់ ពីមេដឹកនាំនយោបាយ។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៤ ធ្នូ ២០២៣។

បាតុកម្មទ្រង់ទ្រាយធំនេះ ធ្វើឡើងតបតាមការអំពាវនាវរបស់សម្ព័ន្ធអាកាសធាតុបែលហ្ស៊ិក នៅក្នុងការប៉ុនប៉ង ដើម្បីដាក់បញ្ចូលបញ្ហាអាកាសធាតុ នៅពេលប្រទេសបែលហ្ស៊ិកកាន់តំណែង ជាប្រធានក្រុមប្រឹក្សាអឺរ៉ុប ដែលនឹងចាប់ផ្តើមក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ។ អ្នករៀបចំបាតុកម្មនិយាយថា មានបាតុករប្រមាណ ២៥.០០០នាក់បានចូលរួម ខណៈការដាក់ពង្រាយប៉ូលិសមានប្រហែល ២០.០០០នាក់។

ប្រធានសម្ព័ន្ធអាកាសធាតុបែលហ្ស៊ិក លោក Nicolas Van Nuffel និយាយថា ការហែក្បួននេះ មិនមែនធ្វើឡើងនៅថ្ងៃណាក៏បាននោះទេ ពោលគឺវាធ្វើឡើងនៅពេលបើកសន្និសិទកំពូល COP28 ដែលចាប់ផ្តើមកាលពីប៉ុន្មានថ្ងៃមុន នៅប្រទេសអារ៉ាប់រួម។ ដូច្នេះយើងចង់ឆ្លៀតឱកាសនេះ រំលឹកដល់មេដឹកនាំនយោបាយរបស់ពួកយើង ឱ្យចាត់វិធានការទប់ទល់នឹងការប្រែប្រួលអាកាសធាតុជាបន្ទាន់។

ចំណែកក្រុមអ្នកតវ៉ាបានរៀបរាប់ថា យើងមិនអាចពឹងផ្អែកលើអ្នកនយោបាយទៀតទេ វាចប់ហើយ។ ជាច្រើនឆ្នាំមកនេះ ពួកគេមិនបានចាត់វិធានការ ដើម្បីការពារភពផែនដីរបស់យើងទេ។ ប្រសិនបើយើងចង់បានអនាគតដែលអាចរស់នៅបានសម្រាប់ខ្លួនយើង និងសត្វមានជីវិតផ្សេងទៀត យើងត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់។

ជីវិតនាពេលអនាគតរបស់ខ្ញុំ គឺមានគ្រោះថ្នាក់ ហើយខ្ញុំពិតជាចង់រស់នៅក្នុងពិភពលោក ដែលមានសុវត្ថិភាពជាងមុន… ខ្ញុំមិនចង់មានភាពភ័យខ្លាចបែបនេះទៀតទេ។ ខ្ញុំមានអារម្មណ៍តានតឹងខ្លាំង ចំពោះអ្វីដែលនឹងកើតឡើងចំពោះភពផែនដីរបស់ខ្ញុំ នោះហើយជាមូលហេតុនាំពួកខ្ញុំមកទីនេះនៅថ្ងៃនេះ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ