បរទេស៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសដកទ័ពចេញពីអាហ្វហ្គានីស្ថាន ឲ្យអស់នៅថ្ងៃមុនថ្ងៃទី១១កញ្ញា២០២១ ខាងមុខនេះ។ ១១កញ្ញា គឺខួប២០ឆ្នាំគត់ នៃព្រឹត្តិការណ៍មហាភេរវកម្មនៅអាមេរិក និង២ទសវត្សរ៍ នៃសង្គ្រាមប្រឆាំងភេរវកម្មនៅអាហ្វហ្គានីស្ថាន ដោយប្រើកងទ័ពអាមេរិក ប្រមាណ១០ម៉ឺននាក់។
នៅអំឡុង១០ឆ្នាំមុន សហរដ្ឋអាមេរិកក្នុងអាណត្តិរបស់លោក អូបាម៉ា បានដកទាហានជាបណ្តើរៗចូលស្រុកវិញ ហើយក្នុងអាណត្តិរបស់លោក ត្រាំ, ទាហានអាមេរិកនៅសល់ ប្រមាណជាង ២៥០០ នាក់ទៀត។
ក្រោយការប្រកាសដកទ័ពរបស់ប្រធានាធិបតីអាមេរិកនៅពេលនេះ ប្រទេសអង់គ្លេសជាសម្ព័ន្ធមិត្ត ក៏បានប្រកាសដែរថា នឹងដកទ័ពចំនួន៧៥០នាក់ របស់ខ្លួនចេញឲ្យអស់ ពីអាហ្វហ្គានីស្ថាន។ ចំណែក ប្រទេសអាល្លឺម៉ង់ ដែលជាក្បាលម៉ាស៊ីនចម្បងមួយរបស់សម្ព័ន្ថមិត្តអង្គការអូតង់ ក៏ប្រកាសដកទ័ពព្រមគ្នាដែរ បន្ទាប់ពីប្រឹក្សាយោបល់ជាមួយសមភាគីអាមេរិក។
គួរជ្រាបថា បច្ចុប្បន្ននេះ នៅមានកងទ័ពបរទេស ចំនួន ៩ ៦០០ នាក់ មកពី ៣៦ប្រទេស ក្នុងក្របខណ្ឌសម្ព័ន្ធមិត្តអង្គការអូតង់ ដែលឈរជើងប្រយុទ្ធ ក្នុងនាម«ប្រឆាំងភេរវកម្ម» នៅអាហ្វហ្គានីស្ថាន៕