ជើងហោះហើរយោធាចុងក្រោយរបស់ចក្រភពអង់គ្លេស ចាកចេញពីអាហ្វហ្គានីស្ថាន បន្ទាប់ពីជម្លៀសមនុស្ស ១៥.០០០ នាក់
ទីក្រុងឡុងដ៍៖ ជើងហោះហើរយោធាចុងក្រោយរបស់ចក្រភពអង់គ្លេស បានចាកចេញពីទីក្រុងកាប៊ុលកាលពីល្ងាចថ្ងៃសៅរ៍ បន្ទាប់ពីបានជម្លៀសប្រជាជនជាង ១៥.០០០ នាក់ ក្នុងរយៈពេលពីរសប្តាហ៍ ចាប់តាំងពីក្រុមតាលីបង់បានកាន់កាប់អាហ្វហ្គានីស្ថាន ដោយបញ្ចប់វត្តមានយោធាអង់គ្លេសជិត ២០ ឆ្នាំ នៅក្នុងប្រទេសនេះ។
ចក្រភពអង់គ្លេសនៅថ្ងៃសុក្រនេះ បាននិយាយថា បេសកកម្មជម្លៀសខ្លួននឹងបញ្ចប់ក្នុងរយៈពេលប៉ុន្មានម៉ោង ហើយយោធារបស់ខ្លួននឹងមិនអាចនាំយកពលរដ្ឋអាហ្វហ្កានីស្ថានដែលមានសិទ្ធិទទួលការតាំងទីលំនៅថ្មី ដែលមិនទាន់បានចូលក្នុងអាកាសយានដ្ឋានកាប៊ុលបានឡើយ។
យ៉ាងណាម៉ិញ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានកំណត់ថ្ងៃផុតកំណត់ថ្ងៃទី ៣១ ខែសីហា សម្រាប់យោធាអាមេរិកចាកចេញពីអាហ្វហ្គានីស្ថាន ខណៈកងកម្លាំងសម្ព័ន្ធមិត្តរួមទាំងអង់គ្លេស បានជ្រើសរើសចាកចេញមុនពេលនោះ។
គួរររំលឹកថា អង់គ្លេសក៏បានផ្អាកប្រតិបត្តិការស្ថានទូតនៅអាហ្វហ្គានីស្ថានផងដែរ។ NR