តាលីបង់សាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត បានបាញ់កាំភ្លើង និងកាំជ្រួច បន្ទាប់ពីសហរដ្ឋអាមេរិកបញ្ចប់ការដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន
កាប៊ុល៖ ក្រុមសកម្មប្រយុទ្ធជនតាលីបង់បានបាញ់កាំភ្លើង និងកាំជ្រួចឡើងទៅលើអាកាស ដើម្បីអបអរសាទរនៅក្នុងរដ្ឋធានីកាប៊ុល ខណៈដែលសហរដ្ឋអាមេរិកបានបិទបញ្ចប់ការដកទ័ពចេញពីអាហ្វហ្គានីស្ថាន ជិត២០ឆ្នាំបន្ទាប់ពីអាមេរិកបានឈ្លានពានប្រទេសអាស៊ីខាងត្បូងមួយនេះ ក្រោយការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ លើអគារពាណិជ្ជកម្ម។ នេះបើយោងតាមសេចក្ដីរាយការណ៍មុននេះបន្តិចដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera៕
ក្រុមតាលីបង់បានសាទរចំពោះការចាកចេញរបស់កងទ័ពអាមេរិក ដោយពណ៌នាថា នេះជា “ពេលវេលាប្រវត្តិសាស្ត្រ” ដោយប្រកាសថា អាហ្វហ្គានីស្ថានឥឡូវនេះ ទទួលបានឯករាជ្យពេញលេញហើយ។ ទន្ទឹមនេះ អ្នកនាំពាក្យរបស់តាលីបង់ ក្រុមរបស់ខ្លួននឹងកម្ចាត់ចោលអង្គការរដ្ឋអ៊ីស្លាម (IS) ហើយសង្ឃឹមថា ការវាយប្រហាររបស់ក្រុមនេះ នឹងបញ្ចប់នៅពេលដែលកងទ័ពបរទេសចាកចេញពីអាហ្វហ្គានីស្ថាន។
គួរបញ្ជាក់ថា ការប្រកាសពីជ័យជំនះរបស់តាលីបង់ខាងលើនេះបានកើតមានឡើងបន្ទាប់ពីមេបញ្ជាការនៃទីបញ្ជាការកណ្តាលអាមេរិកលោកឧត្តមសេនីយ៍ ហ្វ្រេង ម៉ាកគែនហ្ស៊ី បានប្រកាសក្នុងសន្និសិទិសារព័ត៌មានមួយនៅឯក្រសួងការពារជាតិអាមេរិកថា ខ្ញុំនៅទីនេះដើម្បីប្រកាសពីការបញ្ចប់ការដកទ័ពរបស់យើងចេញពីអាហ្វហ្គានីស្ថាន និងការបញ្ចប់បេសកកម្មយោធាដើម្បីជម្លៀសពលរដ្ឋអាមេរិក៕