ហុងកុង៖ សន្តិសុខជាតិរបស់ហុងកុងនៅថ្ងៃច័ន្ទ ១២ កក្កដា បានចាប់ខ្លួនមនុស្ស ៥ នាក់បន្ថែមទៀតពាក់ព័ន្ធនឹងផែនការបំផ្ទុះគ្រាប់បែកមួយខណៈដែលភាពតានតឹងផ្នែកនយោបាយកំពុងតែកើនឡើងចំពេលដែលទីក្រុងប៉េកាំងរឹតបន្តឹងលើការគ្រប់គ្រងលើទីក្រុងហុងកុង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌ CNA នៅថ្ងៃទី១២ កក្កដា ឆ្នាំ២០២១។

មនុស្ស៥នាក់ ប្រុស ៤នាក់ និងស្រី ១នាក់ ត្រូវបានចាប់ខ្លួនពីបទសង្ស័យឃុបឃិតគ្នា ធ្វើផែនការសកម្មភាពភេរវកម្មក្រោមច្បាប់សន្តិសុខជាតិដែលបានកំណត់ដោយទីក្រុងប៉េកាំងកាលពីមួយឆ្នាំមុនដែលជាផ្នែកមួយនៃការបង្ក្រាបលើក្រុមប្រឆាំងនៅក្នុងអតីតអាណានិគមអង់គ្លេស។

យ៉ាងណាមិញ កាលពីសប្តាហ៍មុនប៉ូលីសបានចាប់ខ្លួនមនុស្ស ៩នាក់ ក្នុងនោះមាននិស្សិត ៦ នាក់ ដែលរងការចោទប្រកាន់ថាមានគំរោងផលិតនិងរៀបចំគ្រឿងផ្ទុះជុំវិញទីក្រុង រួមទាំងនៅក្នុងតុលាការ ផ្លូវរូងក្រោមដី និងក្នុងធុងសំរាម។

គួរបញ្ជាក់ថា ប៉ូលីសបានរកឃើញសារធាតុគីមីនៅក្នុងមន្ទីរពិសោធន៍បណ្តោះអាសន្នសម្រាប់ការផលិតសារធាតុ triacetone triperoxide ឬ TATP ដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងការបំផ្ទុះគ្រាប់បែកនៅអឺរ៉ុបនិងកន្លែងផ្សេងទៀត។ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ