អន្តរជាតិ៖ អង្គភាពព័ត៌មាន និងប៉ូលីសក្នុងតំបន់ បាននិយាយកាលពីថ្ងៃអង្គារថា អ្នកយកព័ត៌មាន ៣ នាក់ និងសកម្មជន ២ នាក់ មកពីប្រទេសមីយ៉ាន់ម៉ា ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ ពីបទចូលប្រទេសដោយខុសច្បាប់ និងប្រឈមមុខនឹងការនិរទេស។
ប្រព័ន្ធផ្សព្វផ្សាយ DVB (សម្លេងប្រជាធិបតេយ្យភូមា) បានផ្សាយថា អ្នកទាំង ៥ នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ នៅភាគខាងជើង ក្រុងឈៀងម៉ៃ ហើយពួកគេបានអំពាវនាវដល់អាជ្ញាធរថៃ កុំអោយនិរទេសពួកគេទៅកាន់ប្រទេសភូមា ដែលជាកន្លែងដែលអង្គភាពព័ត៌មានត្រូវបានហាមឃាត់ដោយរបបយោធា។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានអំពាវនាវដល់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន លោក Aye Chan Naing, នាយកប្រតិបត្តិរបស់ DVB បាននិយាយថា “ជីវិតរបស់ពួកគេនឹងស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ ប្រសិនបើពួកគេត្រូវវិលត្រឡប់ទៅវិញ” ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះទៀតសោធបាននិយាយថា ពួកគេបានភៀសខ្លួនចេញពីការបង្ក្រាបរបស់កងទ័ពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ដែលក្នុងអំឡុងពេលនោះអ្នកកាសែតរាប់សិបនាក់ស្ថិតក្នុងចំណោមមនុស្សរាប់ពាន់នាក់ត្រូវបានចាប់ខ្លួន។ DVB និងស្ថាប័នសារព័ត៌មានឯករាជ្យជាច្រើនផ្សេងទៀតបានដកអាជ្ញាប័ណ្ណរបស់ពួកគេ។
តួយ៉ាង លោក Thapanapong Chairangsri ប្រធានប៉ូលីសនៅស្រុក សាន សៃ នៅខាងក្រៅក្រុង ឈៀងម៉ៃ បានប្រាប់ថា ពលរដ្ឋមីយ៉ាន់ម៉ា ៥ នាក់ ត្រូវបានចាប់ខ្លួនពីបទចូលក្នុងប្រទេសដោយខុសច្បាប់ ហើយនឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃអង្គារនេះ។
លោកបានបន្ថែមថា ពួកគេនឹងត្រូវនិរទេសទៅតាមច្បាប់ ប៉ុន្តែលោកបានបន្ថែមថា ដោយសារតែការឆ្លងរាតត្បាតនៃជំងឺកូរូណាវីរុស ពួកគេនឹងត្រូវឃុំខ្លួនរយៈពេល ១៤ ថ្ងៃ មុនពេលបញ្ជូនទៅអាជ្ញាធរអន្តោប្រវេសន៍។NR