និស្សិតផ្នែករូបវិទ្យាអាយុ១៨ឆ្នាំម្នាក់ នឹងហោះហើរជាមួយលោក Jeff Bezos សម្រាប់ការធ្វើដំណើរកម្សាន្តទៅកាន់ទីអវកាស
អាមេរិក៖ អ្នកទិញសំបុត្រសម្រាប់ធ្វើដំណើរកម្សាន្តទៅទីអវកាសជាមួយលោក Jeff Bezos ត្រូវបានកាសែតរ៉យទ័រទម្លាយអោយដឹងថា គឺជានិស្សិតផ្នែករូបវិទ្យាអាយុ១៨ឆ្នាំម្នាក់ ដែលមានឪពុកជាប្រធានក្រុមហ៊ុនគ្រប់គ្រង់ការវិនិយោគមួយ ដោយបានចំណាយប្រាក់២៨លានដុល្លារក្នុងទិញសំបុត្រមួយនេះ ។ នេះបើយោងតាមប្រភព Reuters
បើតាមក្រុមហ៊ុន Blue Origin ក្មេងប្រុសឈ្មោះ Oliver Daemen នឹងធ្វើដំណើរកម្សាន្តទៅកាន់ទីអវកាសជាមួយនឹងអ្នកដំណើរការពីរនាក់ទៀត គឺមានលោក Jeff Bezos និងប្អូនប្រុសរបស់លោក ព្រមទាំងមាននាវិកចំនួន០២នាក់ ព្រោះថាយានអវកាស New Shepard អាចផ្ទុកមនុស្សបានត្រឹមតែ០៦នាក់ប៉ុណ្ណោះ ហើយគ្រោងនឹងធ្វើដំណើរនៅថ្ងៃទី២០ ខែកក្កដាខាងមុខនេះ ។
សូមជម្រាបថា យានអវកាស New Shepard របស់ក្រុមហ៊ុន Blue Origin ដែលមានលក្ខណៈរួមផ្សំបញ្ចូលគ្នា រវាងយានសម្រាប់ជិះធ្វើដំណើរ និងគ្រាប់រ៉ុក្កែត ត្រូវបានរចនាឡើងដើម្បីដឹកជញ្ជូនអ្នកដំណើរបានសរុបចំនួន០៦នាក់ ។
គួរបញ្ជាក់ថា ការហោះហើរទៅកាន់រយៈកម្ពស់ជាង១០០គីឡូម៉ែត្រពីផ្ទៃផែនដី ដែលល្មមអាចឲ្យភ្ញៀវទេសចរនៅក្នុងយានអវកាស អាចទទួលបានបទពិសោធន៍នៅក្នុងបរិស្ថានដែលគ្មានកម្លាំងទំនាញ និងមើលឃើញរាងកោងនៃភពរបស់យើង មុនពេលយានអវកាសនេះចុះមកផ្ទៃផែនដីវិញដោយប្រើឆ័ត្រយោង ៕