អន្តរជាតិ៖ សហរដ្ឋអាមេរិក បានបញ្ចេញកញ្ចប់ជំនួយយោធាថ្មីមួយបន្ថែមមានទំហំទឹកប្រាក់ ២.៦ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ខណៈទីក្រុងកៀវកំពុងត្រៀមលក្ខណៈ បើកប្រតិបត្តិការវាយបក ដើម្បីដណ្ដើមទឹកដីរបស់ខ្លួនមកវិញ នៅក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី ០៥ មេសា ២០២៣។
មន្ទីរបញ្ចកោណ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសថា នៅក្នុងកញ្ចប់ជំនួយយោធាខាងលើ ក្នុងនោះរួមមានប្រព័ន្ធរ៉ាដាឈ្លបយកការណ៍ចំនួន៣គ្រឿង អាវុធប្រឆាំងរថក្រោះ និងរថយន្ដ ដឹកប្រេងឥន្ធនៈ។ នៅថ្ងៃអង្គារនេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់សមាគមអភិបាលជាតិអាមេរិក (US National Governors Association) ថាសហរដ្ឋអាមេរិកអាចការពារគុណតម្លៃរបស់ខ្លួនឯង តាមរយៈការជួយអ៊ុយក្រែន។
លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «កិច្ចសហប្រតិបត្តិការរបស់យើងនឹងធ្វើឱ្យសន្តិសុខរបស់អ្នក កាន់តែប្រសើរឡើង រួមទាំងសេដ្ឋកិច្ចរបស់យើង និងអ្នក ក៏ដូចជាវិស័យការងារនៅក្នុងប្រទេសយើងទាំង២ផងដែរ»។
ដោយឡែក ស្ថានទូតរុស្ស៊ីនៅទីក្រុងវ៉ាស៊ីនតោនបានប្រតិកម្មទៅនឹងសេចក្តីប្រកាសដោយចោទប្រកាន់សហរដ្ឋអាមេរិកថាចង់អូសទាញជម្លោះឱ្យបានយូរតាមដែលអាចធ្វើទៅបាន។
គួរបញ្ជាក់ផងដែរថា ផ្នែកនៃកញ្ចប់ជំនួយនោះដែលរួមមាន រ៉ាដាឃ្លាំមើលដែនអាកាសចំនួនបី គ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះ និងរថយន្តដឹកប្រេង ខណៈដែលអ៊ុយក្រែនរៀបចំការវាយលុកនិទាឃរដូវប្រឆាំងនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី៕