អាមេរិក និងកូរ៉េខាងជើង ព្យាយាមបង្កើនទំនាក់ទំនងជាមួយកូរ៉េខាងជើង ជៀសវាងការបង្កហេតុណាមួយកើតឡើងពីភាគីកូរ៉េខាងជើង ទាក់ទងការពង្រីកកម្មវិធីនុយក្លេអ៊ែរ
ឋអាមេរិក ៖ ក្រោយកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង លោក Park Jin និងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Anthony Blinken នៅក្រសួងការបរទេសអាមេរិក ក្នុងទីក្រងវ៉ាស៊ីនតោន លោក Park Jin បញ្ជាក់ថា កូរ៉េខាងត្បូង និងអាមេរិកប្រកាន់ភ្ជាប់នូវការពង្រឹងទំនាក់ទំនង និងទប់ស្កាត់ការរារាំងរបស់កូរ៉េខាងជើង មានន័យថា ជាការប្រើសមត្ថភាពរបស់កងទ័ពអាមេរិករារាំងការវាយប្រហារលើប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិក ស្របពេលមានក្តីកង្វល់ពីសមត្ថភាពអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TNN World នៅថ្ងៃទី០៦ កុម្ភៈ ២០២៣។
លោក Park Jin ថ្លែងថា កូរ៉េខាងត្បូង និងអាមេរិកនឹងរួមសហការគ្នាយ៉ាងស្អិតរមួត ដើម្បីសម្រេចបាននូវសន្តិភាពពិតប្រាកដនៅលើឧបទ្វីបកូរ៉េ និងរក្សានូវនយោបាយការពារជាតិរួមគ្នា ចៀសវាងមានការបង្កហេតុណាមួយពីកូរ៉េខាងជើង ។
ការធ្វើដំណើរមកអាមេរិករបស់រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងនេះ ក្រោយពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានធ្វើដំណើរមកកាន់កូរ៉េខាងត្បូងក្នុងសប្តាហ៍នេះ ។ លោក Lloyd Austin បានសន្យាជាមួយកូរ៉េខាងត្បូងថា នឹងបន្ថែមការធ្វើសមយុទ្ធរួមគ្នា បង្កើនផែនការទប់ស្កាត់នុយក្លេអ៊ែររបស់កូរ៉េខាងជើង ទប់ទល់នឹងការអភិវឌ្ឍអាវុធរបស់កូរ៉េខាងជើង និងការពារការកើតសង្គ្រាម ។
យ៉ាងណាមិញ ការមកកាន់ទឹកដីអាមេរិករបស់លោក Park Jin ក៏បានពិភាក្សាពីប្រធានបទសេដ្ឋកិច្ចជាច្រើនផងដែរ ដោយលោក Park Jin សង្ឃឹមថា ការប្រើប្រាស់ច្បាប់កាត់បន្ថយអតិផរណារបស់អាមេរិក និងការស្តាប់ពីកង្វល់របស់ក្រុមហ៊ុនកូរ៉េខាងត្បូង នឹងជាប្រយោជន៍ដល់អាជីវកម្ម និងឧស្សាហកម្មរបស់ប្រទេសទាំងពីរ៕