អន្តរជាតិ៖ លោក Elon Musk បានមកដល់ទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារសម្រាប់ដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសចិន ដែលជាលើកដំបូងរបស់គាត់ក្នុងរយៈពេលជាង ៣ ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ឧសភា ឆ្នាំ២០២៣។
Tesla ក្រុមហ៊ុនរបស់លោក Musk គឺស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតនៅក្រៅប្រទេស ឈានមុខគេដែលកំពុង ប្រតិបត្តិការនៅក្នុងប្រទេសចិន ដោយពឹងផ្អែកលើប្រទេសនេះថា ជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំបំផុតរបស់ខ្លួន និងជាទីផ្សារធំបំផុតទីពីរសម្រាប់រថយន្តអគ្គិសនីរបស់ខ្លួន។
ក្នុងដំណើរទស្សនកិច្ចនេះ លោក Musk ទៅពិនិត្យរោងចក្រសៀងហៃរបស់ក្រុមហ៊ុន Tesla និងកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ចិនមួយចំនួន និងសម្រាប់កិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស Qin Gang ។
ក្រសួងការបរទេសចិនបាន ដកស្រង់សម្តីរបស់លោក Qin ដែលបានប្រាប់ទៅលោក Musk ក្នុងអំឡុងកិច្ចប្រជុំកាលពីថ្ងៃអង្គារម្សិលមិញ ទីក្រុងប៉េកាំងថា ចិននឹងបន្តលើកកម្ពស់ ការបើកចំហកម្រិតខ្ពស់ ដោយមិនផ្លាស់ប្តូរព្រមទាំងជំរុញ ការតម្រង់ទិសទីផ្សារ ផ្អែកលើច្បាប់ និងបរិយាកាសធុរកិច្ចអន្តរជាតិ ឬមានន័យថា ការអភិវឌ្ឍន៍របស់ប្រទេសចិន គឺជាឱកាសសម្រាប់ពិភពលោក។
គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់លោក Musk ក៏កើតមានឡើងនៅពេលដែលក្រុមហ៊ុន Tesla កំពុងដោះស្រាយជាមួយនឹងការកើនឡើងនៃការប្រកួតប្រជែងពីក្រុមហ៊ុនផលិតរថយន្តចិន រួមទាំងការនាំចេញរថយន្តអគ្គិសនីរបស់ប្រទេសផងដែរ៕RT