លោក ហ្សេលេនស្គី សាទរចំពោះការសម្រេចចិត្តជាប្រវត្តិសាស្រ្ត ក្នុងការបញ្ជូនយន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែន
កូប៉ិនហាក៖ សហរដ្ឋអាមេរិកបានប្រកាសយល់ព្រមលើការផ្ទេរយន្តហោះចម្បាំង F-16 ពីប្រទេសហូឡង់ និងដាណាម៉ាកទៅឱ្យអ៊ុយក្រែន ជាមួយនឹងការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែននៅខែសីហានេះ ដែលអាចអនុញ្ញាតឱ្យអ៊ុយក្រែនចាប់ផ្តើមប្រើប្រាស់យន្តហោះនេះនៅដើមឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២១ មិថុនា ២០២៣។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសាទរចំពោះការសម្រេចចិត្តជាប្រវត្តិសាស្ត្រដោយប្រទេសហូឡង់ និងដាណឺម៉ាក ក្នុងការផ្តល់យន្តហោះចម្បាំង F-16 របស់អាមេរិកដល់អ៊ុយក្រែន។
នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីហូឡង់ លោក ម៉ាក រូត ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពអាកាស Eindhoven ក្នុងប្រទេសហូឡង់ លោក ហ្សេលេនស្គី បានគូសបញ្ជាក់យ៉ាងដូច្នេះថា ការសម្រេចចិត្តនេះ គឺ “ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ, ពោរពេញដោយឥទ្ធិពល និងបំផុសគំនិតស្នេហាជាតិសម្រាប់ពួកយើង។
ជាមួយគ្នានេះ លោក រូត បាននិយាយថា ចំនួនយន្តហោះ F-16 ដែលផ្តល់ដល់អ៊ុយក្រែននឹងមិនត្រូវបានកំណត់ចំនួនទេ ប៉ុន្តែលោក ហ្សេលេនស្គី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅពេលក្រោយថា អ្នកចម្បាំងរបស់យើង នឹងទទួលបានយន្តហោះដ៏អស្ចារ្យចំនួន ៤២គ្រឿង។ បន្ទាប់មកលោក ហ្សេលេនស្គី បានធ្វើដំណើរទៅកាន់មូលដ្ឋានទ័ពអាកាស Skrydstrup របស់ប្រទេសដាណឺម៉ាក ហើយត្រូវបានស្វាគមន៍ដោយនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen ដែលបាននិយាយថា នឹងផ្តល់យន្តហោះ F-16 ចំនួន១៩គ្រឿងដល់អ៊ុយក្រែន។
លោកស្រីថា យន្តហោះ ៦គ្រឿងនឹងបញ្ជូនទៅអ៊ុយក្រែននៅចុងឆ្នាំនេះ ៨គ្រឿងនៅឆ្នាំក្រោយ និង៥គ្រឿងទៀតនៅឆ្នាំ២០២៥។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ លោក ហ្សេលេនស្គី ក៏អរគុណប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជាពិសេសសភាទាំងពីរ និងប្រជាជនអាមេរិកទាំងមូលផងដែរ សម្រាប់ការគាំទ្រដែលមិនផ្លាស់ប្តូររបស់ពួកគេដល់អ៊ុយក្រែន៕