ផ្លូវការ! Honda និងគ្រូបង្គោលជប៉ុន បន្តដឹកនាំក្រុមជម្រើសជាតិកម្ពុជា ឆ្ពោះទៅស៊ីហ្គេម ២០២៣
3 ឆ្នាំ មុន
(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសជាផ្លូវការនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះថា FFC និងលោក Keisuke Honda រួមជាមួយនឹងសហការីរបស់គាត់ បានព្រមព្រៀងបន្តកុងត្រាថ្មី ដើម្បីដឹកនាំក្រុមជម្រើសជាតិទាំងឈុតធំ និងក្រុមយុវជនអាយុក្រោម២៣ឆ្នាំ ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ខណៈអវត្តមានគ្រូបង្គោលចាស់ លោក Felix Dalmas និងជំនួសដោយគ្រូបង្គោលថ្មីជាជនជាតិជប៉ុន។
សូមបញ្ជាក់ថា លោក Keisuke Honda ដែលជាអ្នកចាត់ការទូទៅ និងលោក Felix Dalmas ជាគ្រូបង្គោលបានមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា កាលពីខែសីហា ឆ្នាំ២០១៨ ហើយបានផុតកំណត់កិច្ចសន្យាកាលពីខែសីហា ឆ្នាំ២០២០៕