ហាណូយ៖ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានវៀតណាម VnExpress នៅថ្ងៃទី១៩ ខែកញ្ញា មានបុរសជនជាតិចិនម្នាក់ដែលរំលោភសេពសន្ថវៈលើក្មេងស្រីអនីតិជន ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួននៅក្នុងមណ្ឌលចត្តាឡីស័កធ្វើតេស្តរកវីរុស Covid-19 ។
ជនល្មើសរូបនោះមានឈ្មោះថា Huang Ya Shan អាយុ ២៣ឆ្នាំ ជាជនជាតិចិន ត្រូវបានប៉ូលិសចិនស្វែងរកចាប់ខ្លួន នៅក្នុងទីក្រុង Haifeng ដែលស្ថិតនៅក្រោមរដ្ឋបាលទីក្រុង Shanwei ក្នុងខេត្ត Guangdong ប្រទេសចិន។
ដើម្បីរត់គេចពីការចាប់ខ្លួន លោក Huang បានលួចចូលប្រទេសវៀតណាមហើយបានលាក់ខ្លួននៅផ្ទះរបស់សាច់ញាតិ នៅខេត្ត Ba Ria-Vung Tau និងដុងណៃ ដែលមានព្រំប្រទល់ជាប់នឹងទីក្រុងហូជីមិញ។ប៉ូលិសនៅដុងណៃបានបញ្ជូនជនល្មើសទៅឃុំឃាំងនៅកន្លែងដាច់ដោយឡែកពីគេ។
បើតាមមន្រ្តីក្រសួងសន្តិសុខ សាធារណៈវៀតណាមជនល្មើសរូបនេះ នឹងត្រូវប្រគល់ទៅភាគីចិននៅថ្ងៃក្រោយ៕