ឧត្តមសេនីយកំពូលរបស់ចិនព្រមានពីការកើតឡើងវិញនៃសង្រ្គាមត្រជាក់ និងរិះគន់សកម្មភាពរបស់អាមេរិក
ប៉េកាំង៖ ឧត្តមសេនីយ៍កំពូលរបស់ប្រទេសចិនគឺលោក Zhang Youxia បាននិយាយថា ពិភពលោកត្រូវតែការពារប្រឆាំងនឹងការកើតឡើងវិញនៃ «ចិត្តគំនិតបង្កសង្រ្គាមត្រជាក់» ខណៈឧត្តមសេនីយ៍កំពូលចិនរូបនេះបន្តរិះគន់សកម្មភាពរបស់សហរដ្ឋអាមេរិក និងបានអំពាវនាវជាថ្មីឱ្យមានការចរចាសន្តិភាពរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Straits Times នៅថ្ងៃទី ៣១ តុលា ២០២៣។
ថ្លែងនៅក្នុងពិធីបើកវេទិកា Xiangshan នាទីក្រុងប៉េកាំងលើកទី ១០ លោកបានចោទប្រកាន់ប្រទេសមួយចំនួន ដោយមិនបញ្ចេញឈ្មោះថា មានផ្នត់គំនិតរួមគ្នាបង្កើតជាក្រុម និងលើកកម្ពស់ឯកតោភាគីនិយម។
ឧត្តមសេនីយ Zhang បាននិយាយថា ការមើលការអភិវឌ្ឍរបស់អ្នកដទៃជាការគំរាមកំហែង និងការពឹងពាក់ផ្នែកសេដ្ឋកិច្ចគឺជាហានិភ័យ និងមិនធ្វើឱ្យជីវិតនរណាម្នាក់កាន់តែប្រសើរឡើង ឬជួយដល់ការរីកចំរើននោះទេ។ មែនទែនទៅការនិយាយនេះ ឧត្តមសេនីយ Zhang ទំនងជាសំដៅលើចលនារបស់អាមេរិកក្នុងការទប់ស្កាត់ការអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើបរបស់ចិនដែលអាចប្រើបានក្នុងកម្មវិធីយោធា។
ការប្រកួតប្រជែងអំណាចដ៏ខ្លាំងរវាងសហរដ្ឋអាមេរិក និងចិន ហាក់មិនមានសញ្ញាណនៃការថមថយនោះទេ សូម្បីតែកិច្ចប្រជុំរវាងមន្ត្រីកំពូលនៃប្រទេសទាំងពីរ ក៏មានភាពតានតឹងឡើងវិញខ្លាំងជាលំដាប់ក្នុងប៉ុន្មានខែថ្មីៗនេះ។
ទំនាក់ទំនងកិច្ចសន្ទនាយោធារវាងប្រទេសទាំងពីរដែលត្រូវបានផ្អាកអស់រយៈពេលជាងមួយឆ្នាំមកហើយ ពោលគឺបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi នៅកោះតៃវ៉ាន់។ សម្រាប់ភាគីចិន លោកឧត្តមសេនីយ៍ Zhang បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការអភិវឌ្ឍទំនាក់ទំនងដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
សូមជម្រាបថា សម្រាប់ប្រទេសចិន ឧត្តមសេនីយ Zhang ដែលជាអនុប្រធាននៃបញ្ជាការដ្ឋានជាន់ខ្ពស់យោធារបស់ប្រទេសចិន បានឈានជើងចូលតួនាទីការទូតសំខាន់ៗ រួមជាមួយអនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹមម្នាក់ទៀត គឺឧត្តមសេនីយ៍ He Weidong ខណៈពេលដែលអវត្តមានរដ្ឋមន្ត្រីការពារជាតិដែលត្រូវបានដកចេញពីតំណែង៕