វៀតណាម កំពុងពិភាក្សាជាមួយក្រុមហ៊ុនបន្ទះឈីបក្នុងគោលបំណងជំរុញការវិនិយោគ និងអាចសាងសង់រោងចក្រផលិតបន្ទះឈីប ទោះអាមេរិកព្រមានពីការចំណាយខ្ពស់
ហាណូយ៖ ប្រទេសវៀតណាម កំពុងពិភាក្សាជាមួយក្រុមហ៊ុនបន្ទះឈីបក្នុងគោលបំណងជំរុញការវិនិយោគ និងអាចសាងសង់រោងចក្រផលិតបន្ទះឈីប ឬសេម៊ីកុងឌុចទ័រដំបូងរបស់ខ្លួនក្នុងប្រទេស ទោះបីជាមានការព្រមានពីមន្ត្រីឧស្សាហកម្មអាមេរិក អំពីការចំណាយខ្ពស់ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី ៣១ តុលា ២០២៣។
វៀតណាម ដែលជាមជ្ឈមណ្ឌលផលិតគ្រឿងអេឡិចត្រូនិកនៅអាស៊ីអាគ្នេយ៍នោះ មានរោងចក្រវេចខ្ចប់ និងធ្វើតេស្តបន្ទះឈីបដ៏ធំបំផុតរបស់ក្រុមហ៊ុនអាមេរិក Intel រួចទៅហើយ ខណៈប្រទេសនេះក៏ជាកន្លែងសម្រាប់ក្រុមហ៊ុនសូហ្វវែររចនាបន្ទះឈីបជាច្រើនផ្សេងទៀត។ នាពេលនេះ វៀតណាមកំពុងធ្វើការលើយុទ្ធសាស្រ្ត ដើម្បីទាក់ទាញការវិនិយោគលើវិស័យបន្ទះឈីបបន្ថែមទៀត។
លោក Vu Tu Thanh ប្រធានការិយាល័យវៀតណាមនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ថា វៀតណាមបានរៀបចំកិច្ចប្រជុំជាមួយក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិកប្រហែលពាក់កណ្តាលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងជាមួយប្រតិបត្តិករក្រុមហ៊ុនផលិតបន្ទះឈីបផងដែរ។ លោកបដិសេធមិនបញ្ជាក់អត្តសញ្ញាណក្រុមហ៊ុននោះទេ ដោយសារតែការចរចានៅតែស្ថិតក្នុងដំណាក់កាលបឋម។
នាយកប្រតិបត្តិក្រុមហ៊ុនបន្ទះឈីបម្នាក់ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការពិភាក្សាជាមួយអ្នកវិនិយោគដែលមានសក្តានុពល មានការចូលរួមពីក្រុមហ៊ុនផលិតជាប់កិច្ចសន្យាពីអាមេរិក GlobalFoundries និងពីតៃវ៉ាន់ PSMC។ នាយកប្រតិបត្តិដដែលបានបន្ថែមថា គោលបំណងគឺដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបដំបូងគេបង្អស់នៅវៀតណាម ដែលភាគច្រើនទំនងជាសម្រាប់បន្ទះឈីបទំនើប ដែលប្រើក្នុងរថយន្ត ឬសម្រាប់កម្មវិធីទូរគមនាគមន៍។
គួរបញ្ជាក់ថា កិច្ចប្រជុំជាមួយក្រុមហ៊ុនឈីបធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ចូ បៃដិន ធ្វើដំណើរទស្សនកិច្ចទៅក្រុងហាណូយកាលពីខែកញ្ញា ហើយសេតវិមានអាមេរិកបានហៅអតីតសត្រូវមួយនេះ ថាជាតួអង្គដ៏សំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបពិភពលោក។
យ៉ាងណាមិញ មន្ត្រីឧស្សាហកម្មវៀតណាមបាននិយាយថា កិច្ចប្រជុំនៅដំណាក់កាលនេះភាគច្រើន គឺដើម្បីសាកល្បងចំណាប់អារម្មណ៍ និងពិភាក្សាពីការលើកទឹកចិត្ត និងប្រាក់ឧបត្ថម្ភសំខាន់ៗ រួមទាំងការផ្គត់ផ្គង់ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងលទ្ធភាពទទួលបានកម្លាំងពលកម្មដែលទទួលបានការបណ្តុះបណ្តាល៕